វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី១ ខែកក្កដានេះ បានពន្យល់ណែនាំទៅមិត្តទីម័រអំពីជម្លោះវិវាទព្រំដែនកម្ពុជា-ថៃដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នក្រោយបង្កឲ្យទាហានខ្មែរស្លាប់ និងការបិទទ្វារព្រំដែនជាឯកតោភាគីថា កម្ពុជាមានគោលជំហរដោះស្រាយដោយសន្តិវិធីតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបថា តាំងពីផ្ទុះជម្លោះភ្លាមៗ នាចុងខែឧសភា កម្ពុជាបានស្វះស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់គឺការដាក់ពាក្យបណ្តឹងទៅ ICJឲ្យធ្វើជាអ្នកកាត់សេចក្តីដើម្បីបញ្ចប់កុំឲ្យអូសដំណើរវែងឆ្ងាយទៅមុខរហូតដល់អ្នកជំនាន់ក្រោយ ។
អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា សំឡេង៖ “សម្តេចបានបញ្ជាក់ថា កម្ពុជាទាំងសម្តេចក្តីនិងសម្តេចធិបតីផ្ទាល់គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយនឹងប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ។ ប៉ុន្តែប្រសិនបើនៅតែមានការបំពានឈ្លានពានមកលើទឹកដីរបស់យើង គឺយើងត្រូវប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញ”។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណសម្តេចតេជោដែលបានចំណាយពេលវេលាពន្យល់អំពីជម្លោះព្រំដែន ជាមួយថៃ ។ ឯកឧត្តមទូតថា ឯកឧត្តមបានរៀនសូត្រយកបទពិសោធយ៉ាងច្រើនពីសម្តេចតេជោដែលជាអ្នកយុទ្ធសាស្រ្តដ៏អស្ចារ្យក្នុងការដឹកនាំប្រទេស ។ នៅពេលទៅប្រទេសកំណើតវិញ ឯកឧត្តមនឹងយកកម្ពុជាធ្វើជាគំរូដើម្បីជាកញ្ចក់ដោះស្រាយបញ្ហានិងអភិវឌ្ឍន៍ទីម័រ។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនេះ ត្រូវបានសម្តេចតេជោ ជួយជ្រោមជ្រែងឲ្យក្លាយជាអ្នកអង្កេតការណ៍នៅតំបន់អាស៊ានកាលពីអំឡុងឆ្នាំ២០២២ ហើយអ្វីកាន់តែល្អឥតខ្ចោះរកអ្វីប្រៀបផ្ទឹមមិនបាននោះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សម្តេចតេជោគឺការនាំទីម័រឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលា ឆ្នាំ២០២៥ខាងមុខ ៕