វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១ ៧ ២៥
អន្តរជាតិ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានលើកឡើងពីភាពរឹងមាំ និងការវិវត្តកាន់តែស៊ីជម្រៅនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ប៉ាគីស្ថាន-ចិន ដោយបាននិយាយថា ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ទីក្រុងអ៊ីស្លាម៉ាបាដ និងជាកត្តាជំរុញដ៏សំខាន់នៃសន្តិភាព ការអភិវឌ្ឍនិងការតភ្ជាប់ក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកឧបនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ទំនាក់ទំនងទ្វេភាគីប៉ាគីស្ថាន-ចិន នឹងបន្តបង្កើនកម្រិតថ្មី ដោយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថាមវន្តសកល និងក្នុងតំបន់ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកបានបន្តថា "គោលនយោបាយការបរទេសរបស់យើងនៅតែសកម្ម និងតម្រង់ទិសលទ្ធផល ហើយភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រប៉ាគីស្ថាន-ចិន បន្តរីកចម្រើនយ៉ាងស៊ីជម្រៅ និងវិសាលភាព"។ លោកក៏បានគូសបញ្ជាក់អំពីតួនាទីឈានមុខគេរបស់ប្រទេសចិនក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់តាមរយៈយន្តការពហុភាគីដែលរួមបញ្ចូល។ លោកបានលើកឡើងពីវេទិកាត្រីភាគីនាពេលថ្មីៗនេះ ដូចជាចិន-ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន និងចិន-ប៉ាគីស្ថាន-បង់ក្លាដែស ដែលជាការប្តេជ្ញាចិត្តរួមគ្នាចំពោះសមាហរណកម្មក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕