វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ពិធីទទួលបដិសណ្ឋារកិច្ច ធ្វើឡើងនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមសំឡេងកងកិត្តិយសត្រែទ័ព បន្លឺឡើងយ៉ាងកងរំពង មុនជួបសវនការទ្វេភាគី ដើម្បីសម្ដែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះការមកដល់របស់គណៈប្រតិភូ។
បន្ទាប់ពីការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរួចមក ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានអញ្ជើញជួបចរចាទ្វេភាគី ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕