វិទ្យុជាតិកម្ពុជា ឈួន សំអាត ០១.០៧.២០២៥
ភ្នំពេញ៖
ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៧ដល់៣០ ខែមិថុនា ឆ្នាំ២០២៥ នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់ទៅ ប្រកបដោយភាពរលូន និងទទួលបានភាពជោគជ័យជាទីមោទកភាព ក្រោមវត្តមានចូលរួមពីគណៈប្រតិភូ កីឡាករ និងកីឡាការិនី មកពីប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ថ្លែងនៅក្នុងឱកាសបិទការប្រកួតនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតប្រជែង កីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសដទៃទៀត និង ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ការចូលរួមប្រកួតកម្រិតទ្វីបអាស៊ី និងអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថា
ពេញមួយព្រឹត្តិការណ៍ប្រកួតនេះ យើងបានឃើញនូវការតស៊ូ ការប្តេជ្ញាចិត្ត និងសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករ កីឡាការិនីទាំងអស់។ ឯកឧត្តមបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ គណៈក ម្មាធិការរៀបចំ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ឋទាំងអស់ ដែលបានសហការ រៀបចំកម្មវិធីដ៏ធំនេះបានយ៉ាងរលូន និងជោគជ័យ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា សាលាជីវិតមួយដ៏ធំ ដែលបានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ យើងបានរៀនអំពី ភាពអត់ធ្មត់ វិន័យខ្លួនឯង ស្មារតីកីឡាពិតប្រាកដ និងការទទួលខុសត្រូវ។ ជ័យជម្នះមិនមែនគ្រាន់តែជាការឈ្នះមេដាយនោះទេ តែវាជាការឈ្នះខ្លួនឯង ឈ្នះលើភាពខ្ជិលច្រអូស ឈ្នះលើការភ័យខ្លាច និងឈ្នះលើសម្ពាធទាំងឡាយ។ ចំណែកការបរាជ័យវិញ ក៏មិនមែនជាទីបញ្ចប់ដែរ តែវាគឺជាឱកាសដ៏ល្អបំផុត សម្រាប់ការរៀនសូត្រ ស្វែងយល់ពីចំណុចខ្វះខាត និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីភាពជោគជ័យនាពេលអនាគត។
តាមរយៈព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវ មរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា ក៏ដូចជា តំបន់ទាំងមូល។ បានបន្សល់ទុកនូវបទពិសោធថ្មីៗ ចំណងមិត្តភាពរឹងមាំ និងជាពិសេស បានបំផុសស្មារតី ស្រឡាញ់កីឡា និងការអភិវឌ្ឍខ្លួនឯង ដល់យុវជនជំនាន់ក្រោយ។ កីឡាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិក្នុងតំបន់។ ការបានឃើញកីឡាករមកពីប្រទេសផ្សេងៗគ្នា ប្រកួតប្រជែងដោយស្មោះត្រង់ រួចចាប់ដៃគ្នាដោយស្នាមញញឹម បង្ហាញឲ្យឃើញពីតម្លៃពិតនៃកីឡា ដែលជា ស្ពានភ្ជាប់ទំនាក់ទំនង និងកសាងសន្តិភាព៕