វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០១ ០៧ ២៥
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិតទំនាក់ទំនងដ៏ខ្ពស់។
ប្រាប់អ្នកព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការសាទរ ចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។
ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុងការអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែកដ៏សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ការដោះមីន នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តមស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺកម្ពុជា នឹងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិតទំនាក់ទំនងដ៏ខ្ពស់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យរបស់សម្ដេចធិបតីកន្លងមកនៅប្រទេសជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយសម្ដេចតេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជាភាគច្រើននោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែលបានធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពីព្រោះភាពជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួមចំណែកពីប្រទេសជប៉ុនក្នុងការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងសម្ភារៈដល់កងកម្លាំងរបស់កម្ពុជា ផងដែរ៕