អគ្គលេខាធិការដ្ឋានប្រជាជនអភិវឌ្ឍន៍ និងមន្ទីរផែនការបាត់ដំបង បានរៀបចំសិក្ខាសាលាពិភាក្សា ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា កត្តាប្រជាសាស្រ្ត និងសុខុមាលភាព ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អនុរដ្ឋលេខធិការក្រសួងផែនការ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ អភិបាលរងខេត្ត ប្រធានមន្ទីរផែនការរាជធានីខេត្តទាំង១២ និងប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត។
បន្ទាប់ពីលោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្តបាត់ដំបង បានមានមតិស្វាគមន៍រួចមក។ លោក មូល ធន អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ដោយបញ្ជាក់ថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ សម្រាប់កំនើនប្រជាជនជាការងារសំខាន់ និងគោលដៅអភិវឌ្ឍន៍ របស់ប្រទេសយើង ដែលគ្រោងថាឆ្នាំ២០៣០នេះ គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានការអភិវឌ្ឍ ប្រទេសជឿនលឿនក្នុងឆ្នាំ២០៥០ ក្នុងដំណាក់ជាដំណាក់មួយ ដែលយើងត្រូវកសាងអ្វីខ្លះ ដើម្បីឆ្ពោះទៅដល់ឆ្នាំ២០៥០ តើប្រជាជននឹងកើនឡើងចំនួនប៉ុន្មាន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារដែលមាន ធ្វើយ៉ាងណាធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដែលជាការរួមចំណែកកាត់បន្ថយនូវភាពក្រីក្រី និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន។
ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ បានមានប្រសាសន៍បើកសិក្ខាសាលាដោយបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយ ដល់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ អំពីទស្សនៈវិស័យ យុទ្ធសាស្រ្ត ផែនការ គោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ដែលរួមមានបញ្ហាប្រជាជន និងការអភិវឌ្ឍ បញ្ហាបម្រែបម្រួលប្រជាសាស្រ្ត និងភាគលាភប្រជាសាស្រ្ត បញ្ហាទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាអប់រំ ចំណេះដឹងជំនាញ និងការងារ បញ្ហាសុខភាព បញ្ហាយុវវ័យ បញ្ហាមនុស្សវ័យចាស់ បញ្ហាយេនឌ័រ សុខុមាលភាព និងសុខភាពបន្តយុវវ័យ។ ឯកឧត្តមមានជំនឿមុតមាំថា បទបង្ហាញរបស់មន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នឹងផ្តល់ជាពុទ្ធិសំខាន់ៗ ដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុនបន្ថែមសម្រាប់រៀបចំ និងអនុវត្តការងារ ការរៀបចំ គ្រួសារ និងការរស់នៅរបស់ខ្លួនឱ្យបានរុងរឿង នៅក្នុងកម្ពុជា ដែលពោរពេញដោយសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ និងស្នើដល់អង្គសិក្ខាសាលាទាំងមូល មេត្តាចូលរួមស្វែងយល់ និងពិភាក្សាឱ្យបានផុលផុស និងស៊ីជម្រៅទៅលើខ្លឹមសារ នៃបទបង្ហាញជុំវិញការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា កត្តាប្រជាសាស្រ្ត និងសុខុមាលភាព៕ អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្ន មន្ទីរព័ត៌មានខេត្តបាត់ដំបង