វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.៦៣៩ ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន ៤ ក្នុងឃុំដារ ស្រុកចិត្រុបរី ខេត្តក្រចេះ នាថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ហេង សុថា អភិបារងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ។
តាមការបញ្ជាក់ពីលោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជី បញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាល ដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែង ដីធ្លី ក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់ មានសុវត្ថិភាព និងមានភាព និងមានមូលដ្ឋានច្បាប់រឹងមាំ និងដើម្បីធានា ដល់ចរន្តការឯកសារ ការគ្រប់គ្រប់ បច្ចុប្បន្នភាពព័ត៌មានដីធ្លី រប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយក្នុងថ្ងៃនេះ ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេស របស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៤ភូមិ គឺភូមិសេរីភាព ភូមិតាងួន ភូមិជួរជ្រៃ និងភូមិខ្នងខ្ពស់ សរុបចំនួន 1.639 ប័ណ្ណ ៕
ថ្លែងក្នុងឱកាសនោះ លោក ហេង សុថា អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ពុកម៉ែ បងប្អូន ដែលជាម្ចាស់ក្បាលដីទាំងអស់ ព្រោះថាការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធទទួលបានជោគជ័យ គឺដោយមានការចូលរួមពីពុកម៉ែ បងប្អូន តាំងពីជំហានដំបូង រហូតឈានដល់ការបិទផ្សាយនូវទិន្នន័យក្បាលដី ដែលក្រុមការងារប្រមូលបានក្នុងការប្រមូលធាតុចូល សម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខប្រព័ន្ធក្នុងខេត្តក្រចេះ ។ ហើយដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ និងដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ ។
លោកបន្តថា ៖ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម ៕