សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមរបាយការណ៍បានឱ្យដឹងថា ការកសាងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺមានគោលបំណងដើម្បីបង្កើតជាបណ្ដុំ នៃសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នា ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្តល់ឱកាសសិក្សាដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុង ការអនុវត្តកម្មវិធីសិក្សា (បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត (ជាពិសេស មានមន្ទីរពិសោធន៍មួយចំនួន អាចប្រើប្រាស់រួមគ្នារវាងថ្នាក់វិទ្យាល័យ សាលាបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សា)។
មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីមកំចាយមារ បានដើរតួនាទីកាន់តែសំខាន់ ក្នុងការផ្តល់ឱកាស និងសេវាកម្មអប់រំ សម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត របស់រាជរដ្ឋាភិបាលកម្ពុជា»៕