វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥
អន្តរជាតិ៖ រដ្ឋបាលរបស់ទីក្រុងវ៉ាស៊ីនតោន បានសម្រេចផ្អាកការដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួនទៅកាន់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស ដោយសារតែការព្រួយបារម្ភថា ស្តុករបស់សហរដ្ឋអាមេរិកមានកម្រិតទាបពេក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការសម្រេចចិត្តនេះបានបង្កឱ្យមានការព្រមានពីទីក្រុងកៀវថា វានឹងធ្វើឱ្យសមត្ថភាពការពាររបស់ខ្លួនធ្លាក់ចុះខ្សោយ។ ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅបេសកជនអាមេរិក ដើម្បីបង្ហាញការព្រួយបារម្ភរបស់ខ្លួនដោយបានបញ្ជាក់ថា ការពន្យារពេលណាមួយ គឺអាចនឹងលើកទឹកចិត្តឱ្យជនឈ្លានពានបន្តសង្គ្រាម។ សមាជិកសភាការពារជាតិម្នាក់បាននិយាយថា វាជារឿងដ៏គួរឱ្យឈឺចាប់ ខណៈដែលអ៊ុយក្រែនកំពុងរងការវាយប្រហារតាមអាកាសកាន់តែខ្លាំងពីសំណាក់រុស្ស៊ី។ ចំណេកខាងមន្ទីរបញ្ចកោណបានអះអាងថា ខ្លួនកំពុងតែពិនិត្យ និងកែប្រែរកវិធីសាស្រ្តដើម្បីសម្រេចគោលដៅបញ្ចប់សង្គ្រាម។ ផ្ទុយទៅវិញ វិមានក្រឹមឡាំងក៏បានអះអាងថា ជម្លោះនឹងបញ្ចប់ឆាប់ៗ ប្រសិនបើអាវុធហូរចូលអ៊ុយក្រែនមានតិចជាងមុន៕