វិទ្យុជាតិកម្ពុជា អេង នារីរតន៍ថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកសរសើរពីការចរចាដោះស្រាយព្រំដែនរវាងកម្ពុជា-វៀតណាមគឺបានស្រុះស្រួលគ្នាយ៉ាងល្អប្រសើរដែលជាដំណោះស្រាយឈ្នះ ឈ្នះទាំងសងខាងមិនមានអ្នកចាញ់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា ជាដំណោះស្រាយឈ្នះ ឈ្នះចំពោះការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ គឺខុសពីការដោះស្រាយព្រំដែនជាមួយភាគីថៃដែលដំណោះស្រាយចាញ់ ចាញ់ ។
សម្រាប់ការបោះបង្គោលព្រំដែនជាមួយភាគីវៀតណាមនេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែនជាង៩៤ % នៅសល់តែ១៦ % ទៀតប៉ុណ្ណោះ ខណៈភាគីទាំងពីរកំពុងពន្លឿនការដោះស្រាយ។
“ការចរចារវាងយើងនិងមិត្តវៀតណាម ក្នុងការដោះស្រាយព្រំដែនមានរឿងដែលល្អបំផុតមួយគឺនៅត្រង់ថា ភាគីទាំងពីរស្រុះស្រួលគ្នាទំលាក់ខ្សែព្រំដែនដែលនៅជាប់មាត់ព្រែកទៅក្នុងតំបន់ទឹកជ្រៅ ។ ចំណុចនេះមិនមែនជាចំណុចសាមញ្ញទេ បារាំងគូសផែនទីខាងមាត់ព្រែកខាងកម្ពុជា បើចឹងយើងចង់ចុះទៅដងទឹកទៅជាប់វៀតណាម ។ ជួនកាលគូសនៅព្រំដែននៅមាត់ទឹកខាងវៀតណាម ចឹងបើវៀតណាមចង់ចុះព្រែកទាល់តែសុំកម្ពុជា តែឆ្លងផុតរំលោភដែនដី ។ អីចឹងដំណោះស្រាយនេះគឺជាដំណោះស្រាយដ៏ល្អបំផុតតាមនិយាមកាម” ។
សម្តេចតេជោបន្តថា កម្ពុជា-វៀតណាមគឺនឹងទទួលបានអត្ថប្រយោជន៍ទាំងសងខាង សម្រាប់ប្រជាពលរដ្ឋ ពីការកំណត់ព្រំដែនក្នុងទឹកជ្រៅ ខណៈព្រំដែនកម្ពុជាជាប់ជាមួយវៀតណាមមានប្រវែងប្រមាណជាងចំនួន១២០០គីឡូម៉ែត្រក្រឡា៕