វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ ថ្វីត្បិតមេឃភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចំនួនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានមកលេងកំសាន្ត និងទិញផលិតផលកសិកផលដែលដាំដោយកសិករខ្មែរក្នុងខេត្តបាត់ដំបងផ្ទាល់ ក្នុងរយៈពេលបីថ្ងៃដំបូងនៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ មានរហូតដល់ជាង១០ម៉ឺននាក់ ។
លោក ហម អរុណអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានផ្តល់របាយការណ៍ថារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩មិថុនា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិចំនួន១០៣ ៧៨៩ នាក់ ក្នុងនោះភ្ញៀវជាតិ១០៣២៧៨នាក់ និងភ្ញៀវអន្តរជាតិ ៥១១ នាក់ មកលេងកំសាន្តក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ។
រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងថ្ងៃបើកព្រឹត្តិការណ៍ខាងលើឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។ ហើយអាជ្ញាធរខេត្តមាន បំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគតផងដែរ។
គួរកត់សម្គាល់ថាក្នុងរយៈពេលបីថ្ងៃនេះព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ម្ចាស់ចំការនានាបានបេះផ្លែទុរេន ដាក់លក់ស្ទើរមិនទាន់ ដោយលក់បានរហូតដល់ជាង២៧តោន នេះបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងដល់កសិផលដែលដាំដុះដោយកសិករខ្មែរផ្ទាល់នៅខេត្តបាត់ដំបង នេះបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្ត ៕