វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥
អន្តរជាតិ៖ ក្រសួងការពារជាតិរបស់ប្រទេសឡាវនឹងជ្រើសរើសគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ២,០០០ នាក់ ដើម្បីបម្រើការជាទាហាន-គ្រូបង្រៀន ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅតំបន់ដាច់ស្រយាល និងតំបន់ខ្វះខាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ គំនិតផ្តួចផ្តើមនេះផ្តោតលើតំបន់ដែលមានការលំបាក ហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ការដឹកជញ្ជូនមិនសូវល្អ គ្មានអ៊ីនធឺណិត លទ្ធភាពប្រើប្រាស់អគ្គិសនី ឬការថែទាំសុខភាពនៅមានតិចតួច ឬគ្មានតែម្តង។ ទាហាន-គ្រូបង្រៀន នឹងចូលទៅតំបន់ទាំងនោះនៅពេលដែលគ្រូបង្រៀនធម្មតាមិនអាចរកបានដោយសារជំងឺ ការឈប់សម្រាកមាតុភាព ភារកិច្ចផ្លូវការ ឬហេតុផលផ្ទាល់ខ្លួនផ្សេងៗទៀត។ អ្នកជ្រើសរើសភាគច្រើនគឺជានិស្សិតបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាលគ្រូ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនយោធារយៈពេលខ្លី ពួកគេនឹងត្រូវដាក់ពង្រាយដើម្បីបំពេញតម្រូវការនៅក្នុងសហគមន៍ដែលពិបាកទៅដល់។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឡាវក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅក្នុងតំបន់ជួបការលំបាក៕