វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥
MC. បន្ទាប់ពីបញ្ចប់ការជួសជុលដំណាក់កាលទី១ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌប នៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។
លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដំណើរការជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ បានចាប់ផ្តើមតាំងពីដើមខែឧសភា ឆ្នាំ២០២៥មក គ្រោងចំណាយពេល៧ខែទើបរួចរាល់។ លោកថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុមទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌប ស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ដំណើរការជួសជុលមណ្ឌបនេះ ឱ្យរឹងមាំឡើងវិញ ក្រុមការងារធ្វើសម្រង់ប្លង់ និងកំណាយបកកំណកដី ចាក់បង្គរលើផ្ទៃខឿន និងផ្នែកខាងក្នុង កកើតពីការពុកផុយរបស់រចនាសម្ព័ន្ធឥដ្ឋ និងសត្វល្អិត ដោយរកឃើញបំណែកវត្ថុសិល្បៈមួយចំនួនដូចជា៖ បំណែកផ្តែរ សសរពេជ្រ ព្រំដំបូល និងប្រមូលឥដ្ឋដែលមានគុណភាពសម្រាប់ប្រើប្រាស់ឡើងវិញ។ លោក ចាន់ណូរ៉ា បន្ថែមថា ការជួសជុលនេះ ក្រុមអ្នកជំនាញបានប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងផ្នែកនៅសេសសល់ធ្វើជាគំរូ ដើម្បីជួសជុលផ្នែកដែលខូចខាតឬបាត់បង់ ដើម្បីពង្រឹង និងសោភ័ណភាពប្រាសាទ។
ខណៈកាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គខាងត្បូងនៃប្រាសាទត្រពាំងខ្យង ក្នុងដំណាក់កាលទី១ ដោយទទួលបានជោគជ័យ។
ដំណាក់កាលទី២យើងជួសជុលតួលយផ្នែកកណ្តាល ដែលយើងហៅថាមណ្ឌប តួមណ្ឌបហ្នឹងខឿនគ្រឹះខាងក្រោម ធ្វើពីថ្មបាយក្រៀម ហើយជញ្ជាំងនិងដំបូលធ្វើពីឥដ្ឋដុត ហើយផ្នែកសំខាន់នៃខ្លោងទ្វារ និងព្រំដំបូលធ្វើពីថ្មភក់។ តួនេះខូចខាតដោយសារ ដើមឈើដុះជ្រៀតចូលគ្រឹះ ធ្វើឱ្យផ្នែកខឿន មួយផ្នែកខាងត្បូងបានរលុះធ្លាក់ និងដំបូលមួយផ្នែក ហើយផ្នែកផ្សេងៗទៀតពុកផុយ ដោយកត្តាធម្មជាតិ និងអាយុកាល។
សូមជម្រាបថា ប្រាសាទត្រពាំងខ្យង ស្ថិតនៅភូមិស្នាសង្គ្រាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១០ នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៥ ដោយព្រះរាជគ្រូនាម យជ្ញវរាហ ក្នុងចំណោមប្រាសាទចំនួន២ផ្សេងទៀតមាន ប្រាសាទបន្ទាយស្រី និងប្រាសាទសេកតាទុយ។ បច្ចុប្បន្នប្រាសាទត្រពាំងខ្យង រងការខូចខាតជាច្រើនផ្នែក បណ្តាលមកពីកង្វះការថែទាំយូរអង្វែង រុក្ខជាតិដុះជ្រៀតចូលរចនាសម្ព័ន្ធ កត្តាអាយុកាល និងមនុស្សជាដើម៕