M.C ស្ពានឈើឆ្លងកាត់អូរដា អាជ្ញាធរស្រុកសៀមប៉ាងសហការជាមួយប្រជាសហគមន៍ត្រៀមសាងសង់ឡើងសម្រាប់ធ្វើចរាចរណ៍ នៅរដូវវស្សានេះ ដើម្បីឱ្យប្រជាកសិករបានដឹកសម្ភារៈកសិកម្មទៅធ្វើការងារបង្កបង្កើនផលផង និងកុំឱ្យលំបាកចុះឆ្លងអូរ នាំជួបករណីគ្រោះថ្នាក់ផ្សេងៗ ។
ក្នុងសកម្មភាពសាងសង់ស្ពានអូរថ្មដានៅត្រើយខាងកើតជួរមាត់ទន្លេសេកុង ក្នុងឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថ្ងៃទី០៣កក្កដា២០២៥ លោកផាន់យុតអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ស្ពាននេះអាជ្ញាធរនិងបងប្អូនប្រជាសហគមន៍នៅឃុំសន្តិភាពនិងឃុំសេកុងរួមកម្លាំងគ្នាយកឈើចាស់ខ្លះរកថ្មីខ្លះ មកសាងសង់ស្ពាន ដើម្បីធ្វើដំណើរឆ្លងកាត់អូរថ្មដានេះ ។
លោកបន្តថា៖ពេលនេះអាជ្ញាធរបានចំណាយថវិកាខ្លះៗទៅលើការទិញដែកគោល ប៊ូឡុង និងសម្ភារៈពាក់ព័ន្ធផ្សេងៗ សម្រាប់បម្រើឱ្យការសាងសង់ ដើម្បីតភ្ជាប់បណ្តាញគមនាគមន៍នៅតំបន់នេះ ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើចរាចរណ៍ទៅមកសិន។(សំឡេង)ស្ពានយើងកំពុងតែធ្វើហ្នឹងសម្រាប់តភ្ជាប់រវាងឃុំសេកុង ជាមួយនឹងឃុំសន្តិភាព ក្នុងគោលបំណងដើម្បីឱ្យប្រជាជននៅតាមមាត់ទន្លេគាត់ បានទំនាក់ទំនងគ្នាដឹកទំនិញកសិផលមកទីរួមស្រុកបានស្រួល និងអាចជាផ្លូវមួយដែលមានសេដ្ឋកិច្ចព្រោះផ្លូវស្របតាមដងទន្លេនេះថ្ងៃក្រោយ វាជាផ្នែកសេដ្ឋកិច្ចតាមដងទន្លេ ភ្ញៀវ ទេសចរអាចនឹង មានការកើនឡើងព្រោះផ្លូវហ្នឹងវាអាចទាក់ទាញ ពីខេត្តរតនគិរី ចង់មកខាងសៀមប៉ាងគឺយើងកាត់មកតាមនឹងផងដែរ។
លោកសំប៊ុនធិនអភិបាលរងស្រុកសៀមប៉ាងដែលទទួលដឹកនាំសាងសង់ស្ពាននេះបានបញ្ជាក់ថា៖ស្ពានផ្លូវនេះបានបង្កលទ្ធភាពឱ្យបងប្អូនជនជាតិនៅភូមិទាក់ទាម ភូមិគីរីបាស់លើ គីរីបាស់ក្រោម ក្នុងឃុំសន្តិភាពនិងឃុំសេកុង ទៅដល់ទីរួមស្រុកក៏បាន និងទៅភូមិបាក់កែខេត្តរតនគិរីក្នុងការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចជាលក្ខណ:គ្រួសារក្នុងការកែប្រែជីវភាពរស់នៅ។
លោកធួនសាយតំណាងប្រជាពលរដ្ឋនៅឃុំសេកុងបានទទួលស្គាល់ថា៖ការអភិវឌ្ឍផ្លូវស្ពាននៅតំបន់នេះបានឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះស្រួលធ្វើដំណើរឆ្លងកាត់មិនបាច់បើកគោយន្តចុះអូរពេលមានភ្លៀងរអិលនោះទេនាំឱ្យគ្រោះថ្នាក់។
លោកបន្តថា៖ មួយវិញទៀតងាយស្រួលកូនទៅរៀនបានទាន់ពេលវេលាទាំងអស់គ្នាហើយអ្នកជំងឺឈឺថ្កាត់ទៅមណ្ឌលសុខភាព ពេលយប់ព្រលប់ក៏បានស្រួលដែរ។
សូមបញ្ជាក់ថា៖ស្ពានឆ្លងកាត់អូរថ្មដាមានប្រវែង២០ម៉ែត្រ ទទឹង៣ម៉ែត្រ និងមានកម្ពស់ជាង៦ម៉ែត្រ ជាស្ពានឈើសាងសង់ឡើងដោយប្រជាសហគមន៍គាំទ្រដោយអាជ្ញាធរស្រុក សម្រាប់ដោះស្រាយភាពលំបាកជាបណ្តោះអាសន្នសិន ទម្រំបានសាងសង់ថ្មីជាស្ពានបេតុងជំនួសវិញ នៅពេលមានថវិកាគ្រប់គ្រាន់៕