សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នាំយក សម្ភារៈប្រើប្រាស់ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជួប សួរសុខទុក្ខនិងសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ជនពិការ និងកងកំលាំងប្រចាំការ នៅវត្តពោធិ៍៥០០០ដើម សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដឹកនាំដោយ លោកជំទាវ នាង សុណ្ណារី ជួបសំណេះសំណាលនិងនាំយកអំណោយ ជូនដល់ស្ត្រីមានផ្ទៃពោះ ជនពិការ និងងកំលាំងប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម។ ពិធីនេះ ប្រព្រឹត្តទៅ ក្រោមវត្តមាន ចូលរួម ពីសំណាក់ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត ព្រះវិហារអជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប នៅក្នុងបរិវេណវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ សកម្មភាព នេះបាន បង្ហាញអោយឃើញអំពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់សមាគមឯកជនជាមួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងគ្រាមានអាសន្ន ពិសេសការគិតគូរចំពោះស្ត្រីមានផ្ទៃពោះនិង ជនពិការភាព ដែលជួបប្រទះនូវការលំបាក។ ហើយក៏បង្ហាញអោយឃើញពីការរួបរួមសាមគ្គីគ្នារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រួមសុខរួមទុក្ខជួយគ្នាទៅវិញទៅមកធ្វើឱ្យសង្គមយើងកាន់តែរឹងមាំ។ ថ្លែងក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម បរិច្ចាគនូវ សម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ របស់ សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក្នុងពេលដ៏សំខាន់នេះ។ ទាំងនេះបញ្ជាក់ឲ្យឃើញពី ការលះបង់ របស់ សមាជិកសមាជិកានៃសមាគម គ្រប់រូប ដើម្បីចូលរួម សម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួនមកពីតំបន់ងាយរងហានិភ័យ ក៏ដូចជាការចូលរួម ដោះស្រាយនៅក្តីកង្វល់របស់ រដ្ឋបាលខេត្តព្រះវិហារ។លើសពីនេះបង្ហាញ អោយឃើញ អំពីសាមគ្គីភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ សមនឹងពាក្យថា ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាលំបាក។ សម្ភារៈនាំមកជូនរួមមាន៖ អង្រឹងមុង កង្ហា ត្រីងៀត ទឹកសុទ្ធ ឆៃប៉ូវ និងថវិការមួយចំនួន៕