វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥
MC.នៅព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៥នេះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសាររស់នៅក្នុងឃុំលាងដៃស្រុកអង្គរធំខេត្តសៀមរាបបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ មនុស្សធម៌របស់សប្បុរសជន ដែលផ្តល់ជូនតាមរយៈឯកឧត្តម តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ រួមទាំងអ្នកស្រីតាំង ស្រីពេជ្រ សប្បុរសជនក្នុងនិងក្រៅប្រទេសជាច្រើននាក់ទៀត ។
លោក គឿន កើប មេឃុំលាងដៃ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកជូនដល់ប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារ ក្នុងឃុំលាងដៃនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ការលំបាករបស់គ្រួសារខ្វះខាតនៅតាមមូលដា្ឋន ដែលទាំងនេះគឺជាការរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារដែលមានជីវភាពខ្វះខាតកំពុងតែមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃអាចធ្វើឲ្យដោះស្រាយបានមួយរយ:ពេលផងដែរ។
លោកមេឃុំលាងដៃក៏បានមានប្រសាសន៍អំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរឃុំមានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់មិនថាតែប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើម។
ឯកឧត្តម តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជំរុញនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការ ជំរុញកំណើនការងារ តាមរយៈការបង្កលក្ខណៈងាយស្រួល លើការវិនិយោគនៅតាមបណ្តា មូលដ្ឋានទូទាំងប្រទេស។
ឯកឧត្តម តាំង សំណាង បានបន្តថាឯកឧត្តម តែងតែស្វែងរកសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាខ្លះៗ ដើម្បីយកមកចែកជូនដល់ ពលរដ្ឋដែលមានជីវភាពខ្វះខាត ជនមានពីការភាព ដែលពួកគាត់កំពុងជួបការលំបាកពិតប្រាកដ នៅតាមបណ្ដាមូលដ្ឋានមួយចំនួន ដែលឯកឧត្តម បានទទួលព័ត៌មានបានតាមរយៈអាជ្ញាធរ មូលដ្ឋាន ដែលបានផ្ដល់ជូនអំពីជីវភាពរស់នៅនិងការលំបាកផ្សេងៗរបស់ពលរដ្ឋ ក្នុងមូលដ្ឋាន។ ឯកឧត្តម បានបន្ថែមថា ការផ្ដល់នូវគ្រឿងឧបភោជូនដល់ប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ ប៉ុន្ដែអាចជួយសម្រួលក្នុងជីភាពគ្រួសារដែលកំពុងជួបការខ្វះខាតបានមួយចំនួន ហើយចំពោះការបរិច្ចាកពីទឹកចិត្ដសប្បុរសជន ក្នុងគោលដៅដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋលើបញ្ហាខ្វះខាតផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន ក៍បានប្រារព្ធពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ជាសិរីសួស្តីដើម្បីឆ្លងអាសនៈ ដែលទើបសាងសង់ថ្មីសម្រាប់ឧទ្ទិសជូនដល់លោកឪសួង(ទេវតាដើរដី) ក្រោមគំនិតផ្តួចផ្តើមដោយ លោកជំទាវ កែវ សួនសុភី ស សុខា ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប។ ទៅពេលអានាគត អាសនៈមួយនេះ មានសារៈសំខាន់ដល់បងប្អូនប្រជាពលរដ្ឋការរួមចំណែកពុទ្ធចក្រនិងអាណាចក្រ គឺការគោរពប្រណិបត្តិតាមបែបសាសនា ជានិមិត្តរូបនៃមរតកប្រវត្តិសាស្រ្តយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ ៕