វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ០៧ ២០២៥
ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
ករណីបង្រាបបាននេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន។
ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយប្រព្រឹត្តនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ អ៊ុំ ចន្ថា (ហៅក្នុយ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់(ធំល្មមចំនួន២កញ្ចប់និងតូច០៨កញ្ចប់),ទូរស័ព្ទចំនួន០២គ្រឿង,ថង់ច្រកថ្នាំញៀន និងឧបករណ៍ប្រេីប្រាស់មួយចំនួន,កែវជក់គ្រឿងញៀនចំនួន០៣និងកូនកន្ត្រៃចំនួន០១ទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕