វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៤ ០៧ ២៥
ភ្នំពេញ៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ។
«មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រឡប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។
លោក ឡាំ គឹមឈាង ទទួលបានឱកាសការងារថ្មីនៅរោងចក្រផលិតស្បែកជើងគ្រប់ប្រទេស ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំណែក លោកស្រី ភឿន សុខឃឹម ដែលជាពលករខ្មែរមួយរូប ទើបត្រឡប់មកពីប្រទេសថៃ និងទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំង ខេត្តកោះកុង បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអភិបាលខេត្តកោះកុង បានយកចិត្តទុកដាក់ជាខ្លាំងចាប់តាំងពីគាត់បានត្រឡប់មកវិញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរកការងារឲ្យធ្វើ និងមានការងារធ្វើគ្រប់គ្រាន់ ប្រាក់ខែក៏មានភាពសមរម្យផងដែរ។
ជាមួយគ្នានោះ លោកស្រី រិន សុខេង ជាអតីតពលករលក់អីវ៉ាន់នៅប្រទេសថៃរយៈពេល៣ឆ្នាំ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានអារម្មណ៍សប្បាយចិត្ត រីករាយ និងរំភើប ដែលបានត្រឡប់មកស្រុកកំណើតវិញ និងមានការងារធ្វើភ្លាមៗតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាពេលបច្ចុប្បន្ន លោកស្រីកំពុងធ្វើការនៅរោងចក្រ មីនីបៀ (ខេមបូឌៀ)។
លោកស្រីនិយាយថា៖ «នាងខ្ញុំសូមអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រសួងការងារ ដែលបានរកការងារល្អៗ ការងារនៅភ្នំពេញច្រើនឲ្យពលករនៅថៃ ដែលត្រឡប់មកស្រុកខ្មែរវិញមានការងារធ្វើជាច្រើន»។
សូមបញ្ជាក់ថា៖នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ មានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក នៅប្រចាំការ ដើម្បីផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕