វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៤ កក្កដាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង - នាយខណ្ឌជលផល ស្ទឹងត្រែង ណែនាំឱ្យគ្រប់ប្រជានេសាទទាំងអស់ពេលធ្វើនេសាទបានត្រីនៅតាមបឹងធម្មជាតិឬនៅទន្លេមេគង្គ បើប្រទះនឹងប្រភេទត្រីជិតផុតពូជ និងប្រភេទត្រីងាយរងគ្រោះ ត្រូវលែងទៅវិញ ដើម្បីរួមគ្នា អភិរក្សធនធានជលផលរបស់យើងទាំងអស់គ្នា ។
ក្នុងរដូវបិទនេសាទត្រីរយៈពេល០៦ខែនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៥នេះ លោកស្រី សម វិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅតាមដងទន្លេមេគង្គលើចាប់ពីចំណុចត្បូងខ្លាក្នុងស្រុកសៀមបូកទៅដល់តំបន់ទេសចរណ៍ព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ មានព្រំប្រទល់ជាប់ភូមិសាស្ត្រទឹកដីប្រទេសឡាវ ជាតំបន់ត្រីពងកូន និងសម្បូរត្រីមេពូជ។
លោកបន្តថាៈក្នុងភូមិសាស្ត្រទាំងនោះមានធនធានជីវៈចម្រុះ ព្រៃលិចទឹកមាន ដើមឈើតូច ធំ មានសត្វច្រើនប្រភេទរស់នៅចំណែកត្រីច្រើនពាន់ប្រភេទរស់នៅពងកូនបន្តពូជ ហើយធនធានទាំងអស់នេះតម្រូវឱ្យប្រជាពលរដ្ឋយើងនិងអ្នកនេសាទជួយអភិរក្សជាពិសេសប្រភេទត្រីដែលជិតផុតពូជ ។
អីចឹងក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសូមសំណូមពរក៏ដូចជាអំពាវនាវដល់បងប្អូនប្រជានេសាទ ប្រជាសហគមន៍និងបងប្អូនប្រជាជនទូទៅ ចូលរួមគ្រប់គ្រងការពារនិងអភិរក្សធនធានជលផល ជាពិសេសគឺប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ មានដូចជាត្រីគល់រាំង ត្រីរាជ្យត្រីត្រសក់ ត្រីក្របី ត្រីកន្ត្រប់ខ្លា ត្រីស្ទក់ ត្រីក្បក និង និងត្រីផ្សេងៗទៀត ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ ១២៣ របស់រាជរដ្ឋាភិបាល ដែលយើងការពារប្រភេទត្រីទឹកសាប យើងចំនួន ២៩ប្រភេទ ដូច្នេះក្នុងករណីដែលបងប្អូននេសាទបាននូវប្រភេទត្រីទាំងអស់ ដែលជាប្រភេទ ធនធានជលផលកំពុងរងគ្រោះថ្នាក់ សូមបងប្អូនមេត្តាចូលរួមលែងទៅវិញ នៅប្រភេទធនធានទាំងអស់នោះ។
លោកភោគនិមលមន្ត្រីអភិរក្សប្រចាំការនៅតំបន់រ៉ាមសារមេគង្គលើ នៅក្នុងឃុំអូរស្វាយ បានបញ្ជាក់ថា៖ក្រុមអភិរក្សត្រីមេពូជបានជួយផ្សព្វផ្សាយបន្តដល់អ្នកនេសាទផ្សេងៗទៀត ដើម្បីឱ្យរួមគ្នាស្រឡាញ់ធនធានមច្ឆជាតិដែលកំពុងងាយរងគ្រោះនេះ។
លោកបន្តថា៖ សកម្មភាពចូលរួមសូមឱ្យបងប្អូនយើងទាំងអស់គ្នាពេលនេសាទបាន លែងត្រីងាយរងគ្រោះនិងជិតផុតពូជនោះទៅវិញ ធ្វើយ៉ាងណាឱ្យធនធានទាំងនេះ មានភាពសម្បូរបែបសម្រាប់ការធ្វើនេសាទដោះស្រាយជីវភាពរបស់ខ្លួន និងសម្រាប់កូនចៅយើងនៅថ្ងៃអនាគតផង ។
សូមបញ្ជាក់ថា៖ការងារអភិរក្សត្រីមេពូជក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផល ឆ្មាំនិងប្រជាសហគមន៍នេសាទខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបានចំនួន០៥នាក់ពាក់ព័ន្ធនឹងបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រី ដកហូតមង នៅក្នុងតំបន់ហាមឃាត់បានប្រវែង២៧.៦២០ម៉ែត្រ ដកហូតសន្ទូចរនងលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតនិងតំបន់ហាមឃាត់បានចំនួន១០.៥០៤ផ្លែ ទូក១០គ្រឿង, ម៉ាស៊ីន១០គ្រឿង ដកហូតក្បាលឆក់ (អាំងវែទ័រ) ចំនួន១០គ្រឿង, អាគុយ ០៨គ្រឿង ដងឆក់ ០១គូ,ថ្នងដងត្រី០គ្រឿង ខ្សែភ្លើង១០ម៉ែត្រ -ខ្សែកាប៥ម៉ែត្រ អាវុធកែច្នៃ ០១គ្រឿង បំផ្លាញដាយកាត់ទន្លេ០១កន្លែងមានសាច់អ៊ួនប្រវែង១៥ម៉ែត្រ អប់រំអ្នកនេសាទ២២៥នាក់ ឱ្យធ្វើកិច្ចសន្យា៤៥នាក់ លែងត្រីកំពុងរងគ្រោះ និងត្រីមេពូជចូលទន្លេវិញ បានប្រមាណជាង៧០គ.ក៕