អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីមនុស្សណាដែលក្បត់ជាតិ គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដនោះទេ

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ 
  MC៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌  បានបញ្ជាក់ថា ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីមនុស្សណាដែលក្បត់ជាតិ គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដនោះទេ ប៉ុន្តែគឺក្នុងគោលបំណងដើម្បីធានាថា ជនជាតិខ្មែរទាំងអស់ត្រូវមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ ហើយសកម្មភាពណាដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិ នឹងត្រូវទទួលទោសតាមច្បាប់ រួមទាំងការដកហូតសញ្ជាតិផង

  ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌  បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហើយត្រង់មាត្រា៤៩ថ្មី បានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬប្រយោលក្ដីដែលនាំឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ជាតិនិងប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមបន្តថា នៅពេលដែលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្ដមប្រយោជន៍ប្រទេសជាតិ ពិសេសទៅឃុបឃិតជាមួយបរទេសមកបំផ្លាញប្រយោជន៍ ជាតិ បំផ្លាញប្រជាជនខ្មែរគ្នាឯង ដូច្នេះបុគ្គលនោះ គឺបានបំពានកាតព្វកិច្ចជាពលរដ្ឋខ្មែរ បានប្រព្រឹត្តទង្វើប្រាសចាក ពីឧត្តមគតិនិងមនសិកាពលរដ្ឋខ្មែរ។ ជាងនេះទៅទៀតបុគ្គលនោះ លែងស័ក្តិសមជាពលរដ្ឋខ្មែរ ហើយបុគ្គលនោះខ្លួនឯងផ្ទាល់ដែលជាអ្នកផ្ដាច់ចំណងផ្លូវច្បាប់សិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋខ្មែរដោយខ្លួនឯង ហើយដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង។ 
 បើជាពលរដ្ឋខ្មែរមែន ហើយជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដមែន គឺមិនទៅបម្រើបរទេស ហើយមកបំផ្លិចបំផ្លាញប្រជាជាតិ បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯងនោះទេ ដូច្នេះសរុបជារួម ការធ្វើវិសោធនកម្ម ដើម្បីបើកផ្លូវ បង្កើតក្របខ័ណ្ឌដកសញ្ជាតិពីអ្នកឃុប 
ឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯងនេះ គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដនោះទេ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯងនោះ គឺមិនមានអ្វីត្រូវបារម្ភឬដកសញ្ជាតិនោះទេ។» 

  អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបានបន្ថែមទៀតថា ការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការតាក់តែងច្បាប់ដកហូតសញ្ជាតិពីប្រជាពលរដ្ឋដែលអំពើដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏បទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ មិនមែនជាទង្វើលើកដំបូងរបស់កម្ពុជា ឬនៅលើពិភពលោកនេះឡើយ
ខណៈនៅតាមបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក ដូចជា ប្រទេសអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំងនិងប្រទេសជាច្រើនទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឱ្យដកសញ្ជាតិពីពលរដ្ឋទាំងឡាយណា ដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរឬក៏ប្រព្រឹត្តបទល្មើសឬប្រព្រឹត្តទង្វើប្រឆាំងនឹងផលប្រយោជន៍ជាតិ។ ការអនុវត្តច្បាប់របស់កម្ពុជា កំពុងដើរទន្ទឹមគ្នាជាមួយការឯកភាពជាសកល ដែលរក្សានូវភាពបរិសុទ្ធនៃបូរណភាពជាតិ លើសពីអ្វីៗទាំងអស់។
  គួរជម្រាបថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងពេលខាងមុខនេះ មិនមែនជាសញ្ញានៃការភ័យខ្លាចណាមួយ ឬការគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួននោះទេ ប៉ុន្តែជាការប្រកាសពីភាពរឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា និងក៏ជាសារទៅកាន់ពិភពលោកថា ការដកសញ្ជាតិពីបុគ្គល ដែលឃុបឃិតជាមួយបរទេសក្នុងការបំផ្លាញផលប្រយោជន៍ជាតិ គឺជាវិធានការសក្តិសមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអធិបតេយ្យភាព សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្លួន៕

អ្នកនាំពាក្យក្រសួងយុត្តិធម៌  ៖ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីមនុស្សណាដែលក្បត់ជាតិ គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដនោះទេ