មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការចែករំលែកព័ត៌មានពីអាជ្ញាធរមូលដ្ឋាន អង្គការ ស្ថាប័នពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវា ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្ត និងផលវិជ្ជមានពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ ប.ស.ស សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង លោកលោកស្រី អភិបាល អភិបាលរង ក្រុងស្រុក និងលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពវិស័យផ្សេងៗ។
លោក មាស ដារ៉ា បានមានប្រសាសន៍លើកឡើងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះ បណ្តាលនេះ គឺដើម្បីឱ្យអស់លោកលោកស្រីមកពីបណ្តាស្រុកតាមមន្ទីរអង្គភាពវិស័យផ្សេងៗ បានស្គាល់ប.ស.ស ផ្សព្វផ្សាយការធ្វើចំណាកស្រុកដោយសុវត្ថិភាព សម្រាប់បងប្អូនពលករ ដែលបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុក ដើម្បីភ្ជាប់គោលនយោបាយគាំពារសង្គម ពាក់ព័ន្ធនឹងវិស័យការងារ ហើយរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺការចែករំលែកព័ត៌មានអាជ្ញាធរមូលដ្ឋានអង្គការស្ថាប័នពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តផលវិជ្ជមាន អំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព អ្វីដែលយើងធ្វើនេះ គឺការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការស្វែងយល់ នៅក្នុងមូលដ្ឋាន ការចង្អុលបង្ហាញអំពីគន្លឹះនៃការធ្វើចំណាកស្រុកបញ្ហាប្រឈម ការទទួលជោគជ័យនៃដំណើរធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពតាមរយៈMOU វគ្គផ្សព្វផ្សាយរបស់យើង គឺការតម្រង់ទិសការធ្វើ ចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស ការធ្វើចំណាកស្រុកនៅក្រៅប្រទេស អ្វីដែលផ្តោតសំខាន់នោះ ការធ្វើចំណាកស្រុកតាមរយៈMOU។ លោកសង្ឃឹមជឿជាក់ថា លោកលោកស្រី នឹងបានស្វែងយល់យ៉ាងជ្រួតជ្រាបអំពីលិខិតបទដ្ឋានគតិយុទ្ធវិធានផ្សេងៗ ដែលធាតុចូលពាក់ព័ន្ធបញ្ហាឈម ដំណោះស្រាយផ្សេងៗពាក់ព័ន្ធពលករចំណាកស្រុក នៅក្នុងខេត្តបាត់ដំបងរបស់យើង៕
អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្ន មន្ទីរព័ត៌មានខេត្តបាត់ដំបង