វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៤ ០៧ ២៥
ភ្នំពេញ៖ ក្រុមហ៊ុនចិន នឹងជួយលើកកម្ពស់ភាសាចិនដល់សិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិនបន្ថែមលើមុខវិជ្ជាស្នូលសម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ផ្ដោតសំខាន់លើការពង្រឹងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ដែលគ្រោងបញ្ជូនគ្រូជំនាញភាសាចិនមកជួយបណ្ដុះបណ្ដាលសិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិនបន្ថែមលើមុខវិជ្ជាស្នូលរបស់សិក្ខាកាម សម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន»។
លោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាព ដែលទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការបង្រៀនភាសាចិន និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដទៃទៀតដល់សិក្ខាកាមនៅកម្ពុជា។
លោកបន្តថា ក្រុមហ៊ុនមានបទពិសោធគ្រប់គ្រាន់ ដើម្បីចែករំលែកចំណេះដឹងទាក់ទងភាសាចិន ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីៗផ្សេងទៀតឱ្យស្របទៅតាមបរិបទសកលលោកបច្ចុបុ្បន្ន៕