វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៤ ៧ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការវាយតម្លៃភាពជោគជ័យឬមិនជោគជ័យ របស់អ្នកដឹកនាំ គឺអាស្រ័យលើលទ្ធផលចុងក្រោយ ប្រសិនបើការដឹកនាំដើរថយ ក្រោយនោះជាការបរាជ័យហើយ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ “ភាពជាអ្នកដឹកនាំនិងប្រសិទ្ធភាពនៃការគ្រប់គ្រង” ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបម្រើការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ពាក់ព័ន្ធជាមួយភាពជាអ្នកដឹកនាំ ទិសដៅដើម្បីឱ្យដឹងថា ពេលដែលក្លាយជាអ្នកដឹកនាំឬកាន់តួនាទីតំណែងជាអ្នកដឹកនាំ ត្រូវធ្វើកិច្ចការងារយ៉ាងណា? ការរៀបចំអត្តចរឹកនិងរបៀបនៃការធ្វើកិច្ចការងារនិងការបំពេញកិច្ចការងារ ត្រូវរៀបចំយ៉ាងដូចម្តេច?។
ឯកឧត្តម បានបន្តថា ការសិក្សាទាក់ទងនឹងការដឹកនាំស្ថាប័នយ៉ាងម៉េច ដើម្បីឱ្យមានភាពរីកចម្រើនទៅមុខ ដែលការវាយតម្លៃភាពជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើលទ្ធផលចុងក្រោយ ខណៈដែលការដឹកនាំដើរថយក្រោយនោះជាការបរាជ័យ។ ភាពជោគជ័យទោះបីតិចឬច្រើន ជាលទ្ធផលដែលបានខិតខំប្រឹងប្រែង ដែលចំណុចនេះជាការថ្លឹងថ្លែងបែបសាមញ្ញមួយ សម្រាប់កម្រិតនៃអ្នកដឹកនាំ។
ឯកឧត្តម បានបញ្ជាក់ថា លក្ខណៈសម្បត្តិអ្នកដឹកនាំល្អ ត្រូវមានទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ, ប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ, ពោរពេញដោយគំនិតច្នៃប្រឌិត, មានជំនាញក្នុងការដោះស្រាយបញ្ហា, មានទំនុកចិត្តខ្ពស់, ពូកែទំនាក់ទំនង និងប្រាស្រ័យទាក់ទង
ចេះលើកទឹកចិត្ត និងជំរុញទឹកចិត្តអ្នកក្រោមឱវាទ។
ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងចំណេះដឹងពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការ សកម្មភាព និងទំនាក់ទំនងសាធារណៈ និងដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាននិងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។ សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនាឱកាសនេះ បានទទួលនូវចំណេះដឹងជាច្រើនពីគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឱ្យយល់កាន់តែច្បាស់និងមានសមត្ថភាពបំពេញការងារក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អ ឱ្យកាន់តែមានគុណភាព ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវ រហ័ស និងមានការទទួលខុសត្រូវខ្ពស់ អភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញ “ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង” ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបម្រើការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ មានរយៈពេល៥ថ្ងៃ ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មាន សរុបចំនួន ១៤១នាក់ ៕