វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥
MC.ជនជាតិជប៉ុនចំនួន៤៥០នាក់និងខ្មែរចំនួន៣៥០នាក់ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន(AEON)ជប៉ុននិងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃសៅរ៍ទី៥ខែកក្កដាឆ្នាំ២០២៥ ។
លោក ណាអូយ៉ា អូកាដា(Noya Okada)សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន បានថ្លែងនៅក្នុងឱកាសនេះថា គម្រោងដាំដើមឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វ និងមនុស្សឱ្យកាន់តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារៈ សំខាន់ ដោយសារអាចជួយដល់ជីវៈ ចម្រុះធម្មជាតិ ជួយដល់បរិស្ថាន ឱ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងធ្វើឱ្យមាននិរន្តរភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាពផង។
លោក Noya Okadaរំពឹងទុកថាការរួមគ្នាដាំដើមឈើរវាងពលរដ្ឋជប៉ុននិងកម្ពុជា ក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។ ចាប់តាំងពីឆ្នាំ២០១២មក មូលនិធិអ៊ីអន បានគាំទ្រដល់ការងារលើកកម្ពស់បរិស្ថាននៅក្នុងតំបន់អង្គរ។
លោកជំទាវ សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាដើមឈើគឺជាជីវិត បើគ្មានដើមឈើគឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វនិងជីវៈចម្រុះ គ្មានបរិស្ថានស្រស់ស្អាតនិងគ្មានអ្វីៗទាំងអស់។ លោកជំទាវបញ្ជាក់ទៀតថានៅក្នុងតំបន់អង្គរគឺដើមឈើមានសារៈសំខាន់យ៉ាងខ្លាំង។ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរនិងសត្វផង។ លោកជំទាវបន្ថែមថា ដើមឈើក៏ដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ ។ មានន័យ ថាប្រាសាទបុរាណខ្មែរជាច្រើនបានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។ ដើមឈើក៏ជួយជារនាំងការពារទប់ទល់និងការប្រែប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និង គ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើមរួចមកហើយ៕