រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ទទួលជួបឯកអគ្គរដ្ឋទូតបារាំងដែលនឹងចប់អាណត្តិ ដោយរំលេចភាពជាដៃគូក្នុងវិស័យទឹកស្អាត និងការអភិវឌ្ឍឧស្សាហកម្ម

Narith | ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ០៧ ២០២៥

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងពិភាក្សាការងារ មុនពេលឯកឧត្តមបញ្ចប់អាណត្តិដោយជោគជ័យនៅកម្ពុជា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងកម្ពុជា និងបារាំង ជាពិសេសក្នុងការអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងចំពោះការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការគាំទ្រដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរំលេចពីការវិវត្តកម្មវិធីជំនួយរបស់ AFD ពីការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនីមួយៗ ទៅការគាំទ្រសម្រាប់វិស័យ។

ឯកឧត្តមបានលើកឡើងថា៖ “សម្រាប់ការអភិវឌ្ឍវិស័យ យើងត្រូវគិតទាំងគោលនយោបាយ និរន្តរភាព និងបរិវត្តកម្មរយៈពេលវែងផងដែរ។ បារាំងមិនត្រឹមតែជាដៃគូផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ តែក៏ជាយុទ្ធមិត្ត ក្នុងកិច្ចការកែទម្រង់របស់វិស័យផងដែរ។”

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញការយល់ស្រប ដោយលើកឡើងថា ភាពជាដៃគូក្នុងវិស័យទឹកស្អាតគឺជាជោគជ័យធំបំផុតមួយសម្រាប់ប្រទេសបារាំងនៅកម្ពុជា។ ឯកឧត្តមបានគូសរំលេចសមត្ថភាពរបស់ក្រុមហ៊ុនបារាំងក្នុងការអនុវត្តគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបំពេញការងារ ដោយគ្មានឧប្បត្តិហេតុគ្រោះថ្នាក់ណាមួយ ហើយកំពុងត្រូវបានគេយកជាគំរូ។

ឯកឧត្តម Pellet បានបន្ថែមថា៖ “នេះមិនមែនគ្រាន់តែជាគម្រោងទេ ប៉ុន្តែជាដំណើរដែលរួមបញ្ចូលការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសមត្ថភាពរដ្ឋាករទឹក និងកំណែទម្រង់គោលនយោបាយ។”

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីសមត្ថភាព ដោយផ្តោតលើការពង្រីកតួនាទីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដឹកនាំកំណែទម្រង់វិស័យជារួម។ ឯកឧត្តមក៏បានរំលេចពីតម្រូវការសម្រាប់ការវិនិយោគជាយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអនុវត្តយន្តការហិរញ្ញប្បទានឆ្លាតវៃ ដើម្បីធានាបាននូវនិរន្តរភាព។

ក្រៅពីវិស័យទឹកស្អាត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យបារាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យបច្ចេកវិទ្យា ការស្រាវជ្រាវ និងទំនើបកម្មវិស័យកម្មន្តសាល។ ឯកឧត្តមបានបន្ថែមថា៖ ”កម្ពុជាត្រូវវិវត្តឆ្លងកាត់ឧស្សាហូបនីយកម្ម មុននឹងអាចឈានទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ និងសេដ្ឋកិច្ចដែលផ្អែកលើសេវាកម្ម។ យើងត្រៀមខ្លួនបន្តកិច្ចសហការជាមួយបារាំងលើការងារស្រាវជ្រាវ និងបណ្តុះបណ្តាលរួមគ្នា តាមរយៈដៃគូ ដូចជាសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាជាដើម។”

ភាគីទាំងពីរបានបង្ហាញក្តីរំពឹងចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងឱកាសពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ពិសេសខណៈដែលកម្ពុជាកំពុងឈានទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច៕