វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៧/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានថ្លែងថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ក្នុងនោះសម្រាប់កម្ពុជា ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានបញ្ជាក់ថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។
គួរឱ្យដឹងថា វិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារ ចាប់ផ្ដើមផ្ទុះជាថ្មីអំឡុងខែមិថុនា ឆ្នាំ២០០៨ ជាពេលដែលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហានថៃបាន មកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះវិហារ ចម្ងាយប្រមាណ៣០០ម៉ែត្រពីទឹកដីកម្ពុជា។ វិវាទនេះបានបង្កឱ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរ នឹងបង្កជាក្ដីក្ដាំជាថ្មីនៅលើតុលាការអន្តរជាតិអាយ.ស៊ី.ជេ។ រហូតដល់ខែធ្នូ ឆ្នាំពី២០១១ កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការអាយ.ស៊ី.ជេ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ តាមសាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ ឱ្យមកកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ៕