វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីប្រេស៊ីលនៅទីក្រុង រីអូ ដេចាណេរ៉ូ ដែលជាផ្នែកមួយនៃដំណើរបំពេញការងាររបស់លោកទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោកប្រធានាធិបតីប្រេស៊ីល ជាលើកទី៥ ដែលជាមិត្តជិតស្និទ្ធរបស់វៀតណាម និងប្រជាជនវៀតណាម។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីលដែលបានផ្តល់ឱ្យគណៈប្រតិភូនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដោយស្មារតីនៃមិត្តភាពរវាងប្រជាជាតិទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Chinh បានថ្លែងអំណរគុណប្រេស៊ីលដែល គាំទ្រវៀតណាមឱ្យក្លាយជាប្រទេសដៃគូ BRICS ដោយអះអាងថា វៀតណាមនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ លោកបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ លើកកំពស់តួនាទីរបស់ប្រទេសភាគខាងត្បូងក្នុងស្ថាប័នអភិបាលកិច្ចពិភពលោក បង្ហាញពីការគាំទ្រ និងការរួមចំណែករបស់វៀតណាមចំពោះជោគជ័យរបស់ BRICS ក្នុងអាណត្តិប្រធានាធិបតីប្រេស៊ីលរូបនេះ៕