វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)ដោយបានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះកុរណាព្រះមហាក្សត្របានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។
ព្រះកុរណាព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។
ជាមួយគ្នានេះ ព្រះអង្គសូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះកន្លងមក ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា ការចុះបញ្ជីនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ ប្រាសាទព្រះវិហាររបស់កម្ពុជាមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៕