ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី អ៊ុល ភីរុណ អនុប្រធានអចិន្ត្រៃយ៍តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំ ក្រុមការងារ ដែលមានលោក លោកស្រី ជាសមាជិក សមាជិកាគណ:កម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា លោកប្រធានអនុសាខាក្រុងកែប ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ យុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខ យុវតី ជួន ស្រីនុត ជាយុវជនកាកបាទក្រហមកម្ពុជា រៀនថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនចំការដូង ដែលមានជំងឺវ:កាត់ជើងស្តាំម្ខាង ដែលទើបចេញពីមន្ទីរពេទ្យ នៅគេហដ្ឋានភូមិកែវក្រសាំង សង្កាត់កែប ។
ក្នុងឱកាសនោះផងដែរ លោកស្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តកែប ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ និងបានឧបត្ថម្ភថវិកា ចំនួន ២ លានរៀល ដល់ក្រុមគ្រួសារ និងឧបត្ថម្ភដល់យុវជនកាកបាទក្រហមដែលបានចូលរួមចំនួន ៥នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា២មុឺនរៀល សរុបថវិកាមានចំនួន ២,១០០,០០០ រៀល ៕