វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៧/៧/២០២៥)
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃ គោរពដោយសុទ្ធចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញារួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍ខុសពីការពិត ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ។
ក្នុងនោះក្រសួងការបរទេស បានបំភ្លឺថា ការប្រតិបត្តិរបស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តិសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ហេតុនេះ កម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ គោរពដោយសុទ្ធចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញារួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួមដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលមានការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ៕