វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថា លោកផ្ទាល់ជឿជាក់ថាកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួយជំរុញកិច្ចចរចាស្ដីពីការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈលោក ត្រាំ ជឿថាកិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មុនឡើងយន្ដហោះធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Netanyahu បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យក្រុមអ្នកចរចាអ៉ីស្រាអែលដែលកំពុងចូលរួមក្នុងកិច្ចចរចាស្ដីពីបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សាបានបញ្ជាក់យ៉ាងច្បាស់ពីការឈានទៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅក្រោមលក្ខខណ្ឌដែលអ៉ីស្រាអែល អាចទទួលយកបាន។ លោក Netanyahu បានគូសបញ្ជាក់ថា ខ្ញុំជឿជាក់ថាកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ អាចនឹងជួយជំរុញលទ្ធផលនេះ។ លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោក នឹងធានាការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្គាហ្សា និងលុបចោលការគំរាមកំហែងបង្កឡើងដោយក្រុមហាម៉ាសចំពោះអ៉ីស្រាអែល។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់តំណែងជាប្រធានាធិបតីក្នុងរយៈពេលជាង ៦ខែមកនេះ៕