វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ តុលាការនៅទីក្រុងសេអ៊ូល គ្រោងបើកសវនាការនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិនិត្យមើលសំណើរបស់ក្រុមរដ្ឋអាជ្ញាពិសេស ដែលចង់ឱ្យចេញដីកាឃាត់ខ្លួនលោក Yoon Suk Yeol អតីតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងស៉ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីខែធ្នូ ចុងឆ្នាំ២០២៤ បានដាក់សំណើទៅកាន់តុលាការសង្កាត់កណ្តាលទីក្រុងសេអ៊ូល ដើម្បីសុំឱ្យចេញដីកាឃាត់ខ្លួនលោក Yoon ក្រោមការចោទប្រកាន់រំលោភអំណាច និង រារាំងដំណើការស៉ើបអង្កេត។ លោក Yoon ត្រូវបានចោទប្រកាន់ថា ប្រើប្រាស់កងអង្គរក្សដើម្បីបញ្ឈប់អាជ្ញាធរមិនឱ្យចាប់ខ្លួនលោក កាលពីខែមករា ហើយទីបំផុតលោកក៏ត្រូវបានចាប់ខ្លួន ប៉ុន្តែក៏ត្រូវបានដោះលែងវិញ ដោយសារហេតុផលបច្ចេកទេស ក្រោយជាប់នៅមន្ទីរឃុំឃាំងអស់រយៈពេល៥២ថ្ងៃ។ គួរបញ្ជាក់ថា សំណើឱ្យចេញដីកាឃាត់ខ្លួនខាងលើត្រូវបានធ្វើឡើង ដោយលើកហេតុផលថា មានហានិភ័យដែលលោក Yoon អាចនឹងរត់គេចខ្លួន៕