ឯកឧត្ដម ស៊ុន ចាន់ថុល៖កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ

Narith | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៧ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ ខណៈការចរចាពន្ធគយបដិការវាងកម្ពុជា-អាម៉េរិក ទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណចុងក្រោយ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង១០លើពិភពលោក ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកា ជាមួយភាគីអាម៉េរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា តាមរយៈការប្រជុំចរចាទាំង៣លើក ភាគីទាំងពីរបានឯកភាពគ្នា នឹងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចំពោះអត្រាពន្ធបដិកាប៉ុន្មានភាគរយមិនទាន់ដឹងច្បាស់នោះទេ ដោយសារខាងភាគីសហរដ្ឋអាមេរិក សុំការឯកភាពពីប្រធានាធិបតី ដូណាល់ ត្រាំ សិន។
 «សូមជម្រាបថា ដោយសារយើងឯកភាពគ្នាចរចាដោយស្មោះជាមួយគាត់ទៅវិញទៅមកនេះ ទើបថ្ងៃទី៩នេះ ពន្ធយើងមិនមែន ៤៩%ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ១៨ប្រទេសដែលចរចាជាមួយសហរដ្ឋអាមេរិក។ ហើយក្នុងចំណោម ១០ប្រទស គឺបានសម្រេចសេចក្តីថ្លែងការណ៍រួមហើយ។ អុីចឹងថ្ងៃទី៩ អត់មានអត្រាពន្ធឡើងដល់ ៤៩ភាគរយទេ គឺយើងរួចខ្លួនមួយដំណាក់កាលមួយសិន ប៉ុន្តែអត្រាពន្ធបដិកាប៉ុន្មានអត់ទាន់ដឹងទេ គាត់កំពុងតែពិចារណា និងសុំការឯកភាពពីប្រធានាធិបតី ដូណាល់ ត្រាំ គាត់ទើបអាចប្រកាសបាន អុីចឹងយើហ៊ងខ្ញុំរង់ចាំដូចគ្នា »។ 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងការចរចាកន្លងមក កម្ពុជាបានប្រាប់ទៅសហរដ្ឋអាមេរិកថា រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងនៅកម្ពុជា មានប្រជាពលរដ្ឋបម្រើការងារប្រមាណ១លាននាក់ ហើយម្នាក់ត្រូវចិញ្ចឹមមនុស្សប្រមាណ៥នាក់ក្នុងគ្រួសារ ដូច្នេះហើយសហរដ្ឋអាមេរិកយល់ពីតម្រូវការការងារ និងការបញ្ចុះអត្រាពន្ធឱ្យនៅទាប នោះទើបកម្ពុជាអាចប្រកួតប្រជែង និងអាចទាក់ទាញវិនិយោគិនបន្ថែមទៀតបាន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា វិស័យអាទិភាពចំនួន៧ ដែលកម្ពុជា ការពារបាន ក្នុងនោះទទួលបានជោគជ័យប្រមាណ ៨៦%ហើយ។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមេសា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានកំណត់ពន្ធគយបដិការលើប្រទេសប្រមាណជាង ១០០ នៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាម៉េរិកកំណត់ពន្ធថ្មីរហូតដល់ ៤៩%។ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានទុកពេលរយៈពេល ៩០ថ្ងៃសម្រាប់ធ្វើការចរចារពាណិជ្ជកម្មឡើងវិញជាមួយ ប្រទេសនានា មុននឹងចូលជាធរមាន នៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៥នេះ៕

ឯកឧត្ដម ស៊ុន ចាន់ថុល៖កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ
ឯកឧត្ដម ស៊ុន ចាន់ថុល៖កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ
ឯកឧត្ដម ស៊ុន ចាន់ថុល៖កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ
ឯកឧត្ដម ស៊ុន ចាន់ថុល៖កម្ពុជានឹងមិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ