វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៧កក្កដាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចាត់ទុកសន្តិសុខស្បៀងជាបេសកកម្មដ៍ធំបំផុតរបស់វិស័យកសិកម្ម ហើយបានចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលជាអ្នកដាំដុះ និងអ្នចិញ្ចឹមសត្វ។
ក្នុងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុតនីតិវិធីនិងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី០៧កក្កដាឆ្នាំ២០២៥ឯកឧត្តមគង់ច័ន្ទវាសនារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖បេសកកម្មដ៏ធំនេះដើម្បីធ្វើឱ្យសម្រេចទៅបានគឺ ត្រូវមានការចូលរួមពីគ្រប់ភាគីទាំងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន អាជីវករ កសិកររួមគ្នាលើកកម្ពស់ ផ្នែកសន្តិសុខស្បៀង និងធ្វើឱ្យសម្រេចបានជោគជ័យនៅក្នុងវិស័យកសិកម្មនៅកម្ពុជាយើង ។ (សំឡេង)អីចឹងនៅក្នុងវិស័យកសិកម្មនៅពេលដែលយើងនិយាយអំពីការងារកសិកម្មយើង និយាយការងារ៣- ទីមួយ ធានាឱ្យមានសន្តិសុខស្បៀងបានន័យថាមិនខ្វល់ថា ពេលមានកូវីដ - មិនខ្វល់ថាមានគ្រោះទឹកជំនន់ - មិនខ្វល់ថាមានគ្រោះរាំងស្ងួត បេសកកម្មធំបំផុតធ្វើឱ្យមានស្បៀង ហូបគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ អីចឹងស្បៀងនេះមានហូបគ្រប់គ្រាន់ មិនមែន យើងត្រូវផលិតគ្រប់មុខទាំងអស់ទេ តែយើងផលិតអ្វីដែលជាផលិតផលចម្បងៗរបស់យើង ហើយសម្របសម្រួលឲ្យមានការនាំចូលអ្វី ដែលយើងផលិតមិនបាន ឬមិនទាន់ផលិតបានដើម្បីធានាឲ្យបងប្អូនក្នុងស្រុក មានស្បៀងអាហារហូបគ្រប់គ្រាន់។
ឯកឧត្តមសរសុពុត្រា អភិបាលខេត្តស្ទឹត្រែងមានប្រសាសន៍គាំទ្រយុទ្ធសាស្ត្រ នេះព្រោះបច្ចុប្បន្នក្រសួងកសិកម្មបានសម្រេចឱ្យមានមន្ត្រីកសិកម្ម ប្រចាំនៅតាម ឃុំសង្កាត់និមួយៗ ដើម្បីជួយគ្រប់យន្តការក្នុងការធ្វើឱ្យសម្រេចសន្តិសុខស្បៀង។ (សំឡេង)តួនាទីក្របខណ្ឌរបស់ប្អូនៗ ដែលជាកាតព្វកិច្ចជាប់ចំណងនិងឯកសណ្ឋាន តួនាទីក្របខ័ណ្ឌរបស់ប្អូនៗ អីចឹងទេសូមឱ្យលោក លោកស្រីមេឃុំចៅសង្កាត់ យកចិត្តទុកដាក់ អប់រំតម្រង់ទិសប្អូនៗ ដែលជាមន្ត្រីកសិកម្មឃុំឲ្យគាត់ រួមចំណែកដើម្បីផ្សព្វផ្សាយ និងវគ្គដែលយើងបានរៀបចំ ដែលប្អូនៗបានឈរនៅលើ ឆន្ទៈមនសិកា និងវិជ្ជាជីវៈ ក្នុងនាមជាអ្នកបម្រើ ប្រជាពលរដ្ឋ ដ៏ពិតប្រាកដ។
លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖បច្ចុប្បន្នការងារកសិកម្មនៅខេត្តស្ទឹងត្រែង មានសក្តានុពលខ្លាំង ព្រោះមន្ទីរបានបង្កើតសហគមន៍កសិកម្មបានចំនួន៣៩សហគមន៍។
លោកបន្តថា៖សហគមន៍នេះមានសមាជិកសរុបជាង៤ពាន់គ្រួសារ ដែលកំពុងអនុវត្តការងារកសិកម្មបែបទំនើបទៅលើវិស័យកសិកម្ម ដូចជាដាំបន្លែបង្ការ ធ្វើស្រូវត្រយ៉ងប្រចាំរដូវ ដាំដំណាំឧស្សាហ៍កម្ម ធ្ចើឱ្យមានស្បៀងសម្រាប់ហូបគ្រប់គ្រាន់ និងនាំចេញលទ្ធផលបន្ថែមទៀត។
សូមបញ្ជាក់ថា៖កសិករនៅខេត្តស្ទឹងត្រែង
បានធ្វើការងារបង្កបង្កើនផលស្រូវបាន២៨.៥៩២ ហិកតា- ដាំដំណាំសាកវប្បកម្មបានចំនួន៥.៩៤០ហិកតា -ដំណាំឧស្សាហកម្ម៤៤.៥១៣ហិកតា- ដែលធ្វើឱ្យសម្រេចផែនការ និងមានតុល្សភាពស្បឿងប្រមាណ២៦.២៣៧តោន និងគិតជាអង្គរនាំចេញបានចំនួនជាង១៧. ៤០៩តោនផងដែរ៕