វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៧/៧/២០២៥)
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងកម្ពុជា និងសាធារណរដ្ឋឆែក ។
ការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាប លា នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។
នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែក ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាមួយគ្នានេះ ឯកឧត្តម Martin Vávra ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងអាណត្តិការងាររបស់លោក នៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបាន សមិទ្ធផលផ្លែផ្កាជាច្រើន។
ព្រមជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម និងបានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឆែក។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឆែកមានទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ រហូតមកដល់ពេលបច្ចុប្បន្ន។
សម្ដេចធិបតី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឆែក ដែលបានរួមចំណែកគាំទ្រ ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្ដល់នូវអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសាធារណរដ្ឋឆេកូស្លូវ៉ាគី និងសាធារណរដ្ឋឆែកនាពេលបច្ចុប្បន្ន។ ការនេះបានរួមចំណែកជំរុញការតភ្ជាប់ រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។
ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕