សម្តេចធិបតីអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)។
តាមបណ្តាញផ្សព្វផ្សាយសង្គមរបស់សម្តេចធិបតីនាព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានឱ្យដឹងថា 
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ 
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ៕

សម្តេចធិបតីអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)