ឯកឧត្តម ស៊ុន ចាន់ថុល៖កត្តាសុខសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេសបានផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៧ ២០២៥ 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កត្តាសុខសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេសបានផ្ដល់ឱកាសឱ្យប្រទេស ជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ឱ្យមានភាពប្រទាក់ក្រឡានិងប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
    

    ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណចុងក្រោយ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គុណូបការគុណរបស់ “នយោបាយឈ្នះ ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបាននាំមកនូវសុខសន្តិភាពពេញ លេញពាសពេញផ្ទៃប្រទេស បានផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ 
   ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកសាង ប្រទេសជាតិមាតុភូមិឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា ការផ្តល់ជំនួយក៏ដូចជាកម្ចីដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដោយការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព បើមិនដូច្នេះគ្មាននរណាផ្តល់ជំនួយក៏ដូចជាកម្ចី មកដល់កម្ពុជានោះទេ។ បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ ដូចជា ប្រទេសចិន កូរ៉េ ជប៉ុន ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ជាដើម ដែលបានផ្តល់ថវិកាឱ្យកម្ពុជា ដើម្បីមកកសាងស្ពានឬថ្នល់នោះដែរ។
សំឡេង « អីចឹងសុខសន្តិភាព ស្ថេរភាពនយោបាយជាកត្តាដ៏សំខាន់ មិនអាចកាត់ថ្លៃបានទេ ដើម្បីកសាងជាតិមាតុភូមិ កត្តាសំខាន់គឺសុខសន្តិភាពស្ថេរភាពនយោបាយនេះឯង។ ដោយសុខសន្តិភាពនេះហើយទើបបន្តទាក់ទាញអ្នកវិនិយោគ»។
លោក ឡាយ រ៉ាវុធ ប្រជាពលរដ្ឋខេត្តក្រចេះ បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានឬថ្នល់ពាសពេញផ្ទៃប្រទេស ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព។ លោក បានបន្តថា សុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅដោយសុខក្សេមក្សាន្ត ប្រទេសមានការអភិវឌ្ឍ មានសុខសន្តិភាពពេញលេញ និងមានកិត្យានុភាពជាតិល្បឺរន្ទឺ។
 «សូមអរគុណដល់ថ្នាក់ដឹកនាំជាពិសេសសម្តេចទាំងទ្វេ ដែលបានជួយសាងសង់ស្ពាននិងប្រទេសជាតិទាំងអស់ឱ្យមានការរីកចម្រើនគ្រប់វិស័យ មានផ្លូវ មានស្ពាននេះជាដើម វាធំធេងណាស់ដែលបានភ្ជាប់ពីខាងលិចមកខាងកើតនេះ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមក ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំផងដែរ»។
   គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុងនៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។ ការបង្ហាញពីវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងពេលដែលកម្ពុជា កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស៕