វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៨ ៧ ២០២៥
អន្តរជាតិ៖ នាយកនៃមូលនិធិប្រជាជនដែលរងទុក្ខ និងកិច្ចការអតីតយុទ្ធជនរបស់អ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានកើនឡើងសរុបដល់ទៅ ១,០៦០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានប្រាប់ទៅកាន់ទូរទស្សន៍រដ្ឋរបស់ប្រទេសថា "គិតត្រឹមថ្ងៃនេះ យើងបានរកឃើញអ្នកស្លាប់ចំនួន ១,០៦០ នាក់ដោយសារការវាយប្រហាររបស់របបអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់"។ កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ ប្រាំបួនថ្ងៃកន្លងមកគឺនៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការវាយ ប្រហារនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួនបី។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំង នៅប្រទេសកាតា។ បើតាមអាជ្ញាធរអាម៉េរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ ក្រោយមកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង ដែលចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា៕