វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៧ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារចំពោះកិច្ចជួបប្រជុំចរចាជាមួយអាម៉េរិក បានឱ្យដឹងថា ការចរចាពន្ធគយបដិការជាមួយភាគីអាម៉េរិក បានចុះមក៣៦ភាគរយ ជាជោគជ័យជំហានទី១ ខណៈក្រុមការងារនឹងបន្តចរចាបន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មានស្តីពីអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារចំពោះកិច្ចជួបប្រជុំចរចាជាមួយអាម៉េរិក បានមានប្រសាសន៍ថា ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងលិខិតបានបញ្ជាក់ពីអត្រាពន្ធគយបដិការ ដែលប្រធានាធិបតីអាមេរិក បានចេញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានចំនួន៤៩ភាគរយ ចុះមក៣៦ភាគរយ ខណៈនេះជាជោគជ័យធំមួយរបស់កម្ពុជា ក្នុងជំហានទី១ ក្នុងការចរចាពន្ធគយបដិការ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ការបញ្ចុះអត្រាពន្ធនេះ ដោយសារកម្ពុជាបង្ហាញការចរចាដោយសុចរិត និងស្មោះត្រង់តាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងលិខិតដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អត្រាចុះមកត្រឹម៣៦ភាគរយនេះនឹងចូលជាធរមានថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ប៉ុន្តែក្នុងលិខិតក៏បានបើកឱកាសឱ្យកម្ពុជាអាចចរចាបន្ថែមទៀត ដើម្បីឱ្យមានអត្រាពន្ធទាបជាងនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ក្រុមការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយ សហរដ្ឋម៉េរិកបន្ថែមទៀត ដើម្បីធានាបាននូវផលប្រយោជន៍ជូនជាតិនិងប្រជាជន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណទៅឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបញ្ចុះអត្រាពន្ធគយជូនកម្ពុជា ពីចំនួន៤៩ភាគរយ មក៣៦ភាគរយ ហើយកម្ពុជានឹងបន្តចរចា ដើម្បីបន្ថយអត្រាពន្ធនេះផង ក៏ដូចជាការពង្រឹងពង្រីកពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៀតផង។
« សូមជម្រាបថា អត្រានេះចូលជាធរមានថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណីយើងមិនមានការចរចាថែមទៀតជាមួយសហរដ្ឋអាមេរិកទេ ក្នុងករណី ក៏ប៉ុន្តែក្នុងលិខិតដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបើកឱកាសឱ្យយើងទៅចរចាបន្ថែមទៀតឱ្យបានមុនថ្ងៃទី១ ខែសីហា ។ អ៊ីចឹងក្រុមការងាររបស់យើង ក្រុមចរចាបានត្រៀមរួចជាស្រេច ខ្ញុំបានផ្ញើអ៊ីម៉ែលទៅតំណាងពាណិជ្ជកម្មសហរដ្ឋមន្ត្រីព្រឹកមិញនេះថា យើងខ្ញុំត្រៀមរួចជាស្រេចក្នុងការធ្វើដំណើរឬចរចាតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយអត្រាពន្ធបដិការថែមទៀត។ ខ្ញុំសូមជម្រាបថា អត្រានេះមិនមែនជាអត្រាជាក់ស្តែងចូលជាធរមានពិតប្រាកដទេ យើងនូវមានឱកាសទៅចរចាបន្ថែមទៀត ដើម្បីបន្ថយអត្រាពន្ធបដិការនេះ»។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមេសា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានកំណត់ពន្ធគយបដិការលើប្រទេសប្រមាណជាង ១០០ នៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាម៉េរិកកំណត់ពន្ធថ្មីរហូតដល់ ៤៩%៕