អ្នកនាំពាក្យសម្តេចតេជោ ៖ ថៃកំពុងប្រើមាយាទអាក្រក់ព្រួសឈាមមកលើកម្ពុជា

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៥ 
ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាគីថៃកំពុងតែប្រើកលល្បិចអាក្រក់ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងល្បែងឧក្រិដ្ឋកម្មអនឡាញ ។
ការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធនេះ បន្ទាប់ពីសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័ន នៅថ្ងៃ៨ ខែកក្កដា បានចុះផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃបានលបឆ្មក់ចូលឆែកឆេរទីតាំង១៩កន្លែងដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អានជាមនុស្សជំនិតរបស់សម្តេចតេជោដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរឹបអូសរថយន្តប្រណីតៗជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា២៧លានបាត ស្មើនឹង៨៣លានដុល្លារ។ 
ឆ្លើយតបទៅនឹងការវាយលើប្រហារកម្ពុជា និងសម្តេចតេជោពីសំណាក់ភាគីថៃនេះ ឯកឧត្តមជា ធីរិទ្ធ បានថ្លែងថា នេះគឺជាព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិត ហើយក៏ជាល្បែងសងសឹករបស់ថៃមកលើកម្ពុជានិងប្រទេសជិតខាង ។ ឯកឧត្តមថា នេះហើយជាទម្លាប់អាក្រក់របស់ថៃ ខណៈថ្មីៗនេះ នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត់ត្រាដែលត្រូវបានព្យួរតំណែងក៏បានដើរព្រួសឈាមមកលើកម្ពុជាដែរ ជុំវិញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ស្របប្រទេសខ្លួនឯងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ី-អាគ្នេយ៍ ។ 
“ដូច្នេះនេះ គឺជារបៀបដើរព្រួសឈាមដាក់គេដែលជាមាយាទរបស់ប្រទេសមួយនេះដែលជាមាយាទរបស់មេដឹកនាំមួយនេះ មកលើប្រទេសដទៃ ជាពិសេសមកលើកម្ពុជា ក្នុងចេតនាបង្ខូចកិត្តិយសរបស់គេ ស្របពេលប្រទេសខ្លួនឯងដែលប្រឡាក់ដោយលាមក”។
ឯកឧត្តមជា ធីរិទ្ធ ក៏បានបញ្ចឺតបញ្ចើទៅភាគីថៃថា បើចង់ប្រើកលល្បិចអ្វីមកលើកម្ពុជាសូមអញ្ជើញបញ្ចេញឲ្យអស់មក ព្រោះកម្ពុជាមិនខ្លាចញញើតនឹងល្បិចកលអាក្រក់របស់ថៃនោះទេ ដោយសារកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងមានមេដឹកនាំដ៏ខ្លាំងជាច្រើនត្រៀមកំដរលេងបានគ្រប់ពេលវេលា ។ 
អ្នកនាំពាក្យខាងលើនេះ ក៏បានបន្ថែមទៀតថា បើភាគីថៃចិត្តខ្លាំង ត្រូវតែចាប់ខ្លួនលោក ថាក់ ស៊ីន ដាក់ពន្ធគារទៅ ព្រោះលោក ថាក់ ស៊ីនជាមនុស្សស្និតជាមួយសម្តេចតេជោ ហើយក៏ត្រូវបានសម្តេចចិញ្ចឹមឲ្យរស់រានមានជីវិតរហូតមានឱកាសមកជាន់លើទឹកថៃម្តងទៀតនេះ ដោយសារសម្តេចតេជោជាអ្នកជួយទំនុកបម្រុងសព្វបែបយ៉ាង៕

អ្នកនាំពាក្យសម្តេចតេជោ ៖ ថៃកំពុងប្រើមាយាទអាក្រក់ព្រួសឈាមមកលើកម្ពុជា
អ្នកនាំពាក្យសម្តេចតេជោ ៖ ថៃកំពុងប្រើមាយាទអាក្រក់ព្រួសឈាមមកលើកម្ពុជា
អ្នកនាំពាក្យសម្តេចតេជោ ៖ ថៃកំពុងប្រើមាយាទអាក្រក់ព្រួសឈាមមកលើកម្ពុជា