អ៊ីរ៉ង់បដិសេធមិនស្វែងរកការចរចាជាមួយអាមេរិក

Narith | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៧ ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់មិនបានស្នើសុំកិច្ចប្រជុំណាមួយជាមួយសហរដ្ឋអាមេរិកនោះទេ ហើយក៏មិនចង់ស្វែងរកការចរចាជាមួយអាមេរិកនោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមរបាយការណ៍បាននិយាយថា លោកបានធ្វើការលើកឡើងបែបនេះ ខណៈដែលលោកក៏បានបដិសេធការអះអាងដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយថា អ៊ីរ៉ង់បាន "ស្នើសុំកិច្ចប្រជុំ"។ លោក Trump បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានរួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងធ្វើកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់។ លោក Trump បានបន្តថា "ពួកគេបានស្នើសុំកិច្ចប្រជុំជាមួយនឹងពួកយើង យើងបានកំណត់ពេលកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់រួចហើយ ហើយអ៊ីរ៉ង់ក៏ចង់ពិភាក្សាអំពីបញ្ហានេះដែរ"។ កាលពីថ្ងៃទី១២ ខែមេសា និងថ្ងៃទី២៣ ខែឧសភា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកការចរចាដោយប្រយោលដែលសម្របសម្រួលដោយប្រទេសអូម៉ានីចំនួន ៥ ជុំ ដែលស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាដើម។ ពីរថ្ងៃមុនជុំទី៦ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា អ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនជាច្រើនទៅកាន់អ៊ីស្រាអែលវិញ៕

អ៊ីរ៉ង់បដិសេធមិនស្វែងរកការចរចាជាមួយអាមេរិក
អ៊ីរ៉ង់បដិសេធមិនស្វែងរកការចរចាជាមួយអាមេរិក
អ៊ីរ៉ង់បដិសេធមិនស្វែងរកការចរចាជាមួយអាមេរិក
អ៊ីរ៉ង់បដិសេធមិនស្វែងរកការចរចាជាមួយអាមេរិក