វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៧ ២០២៥
ក្រសួងបរិស្ថាន បានតម្រូវឲ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ឈប់ដំណើរការជាបន្ទាន់នូវខ្សែច្រវាក់ផលិតកម្ម បន្ទាប់ពីរកឃើញថា រោងចក្រនេះ បានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។
ក្រុមហ៊ុន Tong Kang ជាប្រភេទរោងចក្រផលិតគ្រឿងបង្គំ-បន្ទាប់បន្សំស្បែកជើង ត្រូវបានរកឃើញថា បានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥ មាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខាន ដោយសំឡេង។
លិខិតចំហររបស់ក្រសួងបរិស្ថាន បានលើកឡើងថា "ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ប៉ះពាល់ ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងយ៉ាងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន"។
ក្រសួងបរិស្ថាន បានព្រមានថា ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងនឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕