វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៩ ០៧ ២៥
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំត្រៀមអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ និងបញ្ហាតានតឹងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដើម្បីឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយដែលអាចកើតមានក្នុងរដូវវស្សានេះ។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យមន្រ្តីក្រោមឱវាទ និងដៃគូរពាក់ព័ន្ធនានា ខិតខំប្រឹងប្រែងយកចិត្តទុកដាក់សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នជំនាញ ក្នុងការត្រៀមរៀបចំ និងការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ និងបញ្ហាតានតឹងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលអាចកើតមានក្នុងរដូវវស្សានេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម បានឱ្យដឹងថាក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញជួយសង្គ្រោះ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នថ្នាក់តំបន់អាស៊ាន ២០២៥ និងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ សម្រាប់ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អង្គការដៃគូ និងវិស័យឯកជន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីគន់ គីមបន្តថាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យការរៀបចំ និងបញ្ហាប្រឈមនៅតាមមូលដ្ឋាននីមួយៗ សម្រាប់ការឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយ។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិកា(គ.ជ.គ.ម)បានលើកឡើងថា ចាប់តាំងពីសប្តាហ៍ទី២ នៃខែឧសភា រួមជាមួយការទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី និងសម្ពាធទាប ក្នុងខែមិថុនា ដែលបង្កឱ្យមានភ្លៀងថ្នាក់ក្នុងបរិមាណច្រើននៅតាមភូមិសាស្ត្រមួយចំនួន និងបានបង្កឱ្យមានជំនន់រហ័សលិចលង់ក្នុងកម្រិតតិចតួចនៅតាមបណ្តាខេត្ត ភាគពាយ័ព្យ ភាគឦសាន និងតំបន់ភាគខាងជើង។មូលដ្ឋានរងគ្រោះ៖លិចបរិវេនផ្ទះ ១៥៨ខ្នង បាក់ផ្ទះ១ខ្នងចូលក្នុងទឹក លិចស្រូវ(៧ខេត្ត) ៩.៥៥៧ ហិកតា និងខូចខាត ២.១០១ ហិកតា បាក់ដាច់ផ្លូវលំ ៥កន្លែង លិចស្ពាន៣ និងខូចខាត ២កន្លែងរងគ្រោះស្លាប់២នាក់ (ស្រី១)សរុបរួមក្នុង១៤ខេត្ត មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ ស្ទឹងត្រែង កោះកុង កណ្តាល ពោធិ៍សាត់ ព្រះសីហនុ កំពង់ចាម តាកែវ និងខេត្តព្រៃវែង ។
ឯកឧត្តមបន្តថាខ្យល់កន្ត្រាក់ព្យុះទីមួយក្នុងតំបន់ដែលបានកើតឡើង ចំនួន ១៩០លើក នៅមូលដ្ឋានរាជធានី ខេត្ត រងគ្រោះរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នងរបើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ និងរងគ្រោះថ្នាក់រន្ទះបាញ់កើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ផងដែរ៕