វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៧ ២០២៥
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងការស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតនិងភាសាបាលី បានមានប្រសាសន៍ថា ការស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតនិងភាសាបាលី គឺធ្វើឡើងដើម្បីលាតត្រដាងពីអាថ៌កំបាំងដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរសម័យបុរាណឱ្យប្រជាជនខ្មែរបច្ចុប្បន្នបានដឹង ពីសេចក្ដីពិតនៅក្នុងអត្ថបទនៃសិលាចារឹកទាំងអស់នេះ។
ក្នុងពិធីបើកដំណើរការគម្រោង ការស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតនិងភាសាបាលី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការស្រាវជ្រាវនិងបកប្រែសិលាចារឹកភាសាសំស្ក្រឹតនិងភាសាបាលី ដើម្បីឱ្យសាធារណៈជននិងប្រជាជាតិបានយល់កាន់តែច្បាស់ ដែលក្នុងនោះទី១.ចង់ឱ្យមហាជននិងប្រជាជាតិ ស្គាល់នូវគោលការណ៍ភាពជាខ្មែរ ទី២.ចង់បកស្រាយអាថ៌កំបាំងភាពអស្ចារ្យរបស់ដូនតា ទី៣.ចងក្រងបណ្តុំទស្សនៈវិជ្ជាខ្មែរ ទី៤.បង្ហាញពីកេតនភណ្ឌជាតិ ទី៥.ស្មារតីជាតិ ស្មារតីដូនតា។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តទៀតថា គោលបំណងសំខាន់បំផុតនៃគម្រោងនេះ គឺប្រាថ្នាចង់ឱ្យប្រជាជាតិខ្មែរ បានយល់ពីអាថ៍កំបាំងដ៏មហាសាលនៃមហាបុព្វបរសខ្មែរពីបុរាណ ដែលពីមុនៗមានភាគច្រើនតែអ្នកស្រាវជ្រាវបរទេស និងអ្នកស្រាវជ្រាវខ្មែរមួយចំនួនទើបអាចយល់បាន ឥឡូវរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាខ្មែរ ចង់បំភ្លឺឱ្យលែងទៅជាអាថ៍កំបាំងសម្រាប់ខ្មែរតទៅទៀត។ បន្ថែមពីនោះទៀតជាចំណែកសំខាន់ក្នុងការបណ្ដុះនៃស្មារតីជាតិ និងមនសិការជាតិ ផ្ដើមចេញពីស្វែងយល់ពីភាពដ៏អស្ចារ្យនៃអាណាចក្រខ្មែរបុរាណ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សិលាចារឹកភាសាសំស្ក្រឹតនិងភាសាបាលី ដែលត្រូវសិក្សាស្រាវជ្រាវ ដែលមានក្នុងដៃ បានដានរួចចុះបញ្ជីរួចរបស់ក្រុមការងារ មានជាង៥០០ផ្ទាំង ខណៈដែលសិលាចរឹកទាំងអស់នេះមាននៅតាមបណ្តាប្រទេសក្បែរកម្ពុជាមួយចំនួនទៀតផងដែរ ដោយសារតែប្រទេសជិតខាងជាទឹកដីមហានគរ ដែលរួមមាន ព្រះរាជាណាចក្រថៃ ឡាវ និងវៀតណាម។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា ការស្រាវជ្រាវនិងបកប្រែសិលាចារឹក ជាភាសាសំស្ក្រឹតនិងភាសាបាលី ចាប់ផ្ដើមនៅដើមខែកក្កដា ហើយអាចប្រើរយះពេល២៤ខែ ដើម្បីធ្វើកិច្ចការនេះ។
« ភាពអស្ចារ្យនៃដូនតាមហានគរយើង ដើម្បីឱ្យយើងយល់ថា ភាពអស្ចារ្យហ្នឹងយ៉ាងដូចម្តេច ហេតុអីបានដូនតាយើងសង់មហាប្រាសាទបាន សង់ស្ពានបាន ដូចឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និយាយអំពីស្ពានមហានគរទ្រខ្មែរគ្រប់ជំនាន់ ដែលទាំងអស់នេះបានបង្កើតជាទស្សនៈវិជ្ជាសម្រាប់ខ្មែរ ហើយទាំងអស់ហ្នឹងទស្សនៈវិជ្ជាបានពីមហានគរមក»។
សូមបញ្ជាក់ថា គម្រោងស្តីពី «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី» នឹងធ្វើឡើងលើប្រធានបទចំនួន៥ ដែលនៅក្នុងនោះមានដូចជា ប្រធានបទទី១.ទិដ្ឋភាពទូទៅនៃសិលាចារឹកភាសាសំស្ក្រឹតនិងនីតិវិធីការងារ ដោយឯកឧត្តមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និង ជាសមាជិកគម្រោង, ប្រធានបទទី២.អត្ថរូបនិងអត្ថរសរបស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក ដោយលោក កំ វណ្ណារា សមាជិកគម្រោង, ប្រធានបទទី៣.ឥទ្ធិពលភាសាសំស្ក្រឹតលើសង្គមខ្មែរ ដោយបណ្ឌិត លន់ ឡាយ សមជិកគម្រោង, ប្រធានបទទី៤.ភាពសម្បូរបែបនៃពាក្យពេចន៍អប់រំក្នុងភាសាសំស្ក្រឹត ដោយលោក ជួន ចេង សមាជិកគម្រោង និងប្រធានបទទី៥.សារៈសំខាន់នៃការធ្វើសំណៅផ្តិតសិលាចារឹក ដោយលោក រិន ពេជ្ជរដ្ឋ សមាជិកគម្រោង៕