ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដានេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានជំរុញដល់គណៈអភិបាលស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយ តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក នាក់ ណេរ៉ុន បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុកឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុកដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់សមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុកមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកសូទ្រនិគម ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។
សូមជម្រាបថា លោក ឃុន វុធ ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកសូទ្រនិគម នៃរដ្ឋបាលខេត្តសៀមរាប តាមសេចក្ដីប្រកាសលេខ ៥៤៦៤ ប្រក របស់ក្រសួងមហាផ្ទៃ៕