អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត

009 | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ សុខ មន្នីនាថ  វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ផ្សារត្រែង ស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជាទីកន្លែងលក់ម្ហូបអាហារខ្មែរ ដែលប្រជាពលរដ្ឋដាក់តុលក់ ហូហែរនៅចិញ្ចើមថ្នល់ មុខផ្សារតែម្តង ដើម្បីងាយស្រួលដល់អ្នកធ្វើដំណើរ ឬភ្ញៀវទេសចរជិះឆ្លងកាត់មើលឃើញ និងងាយស្រួលចុះទិញ វិចខ្ចប់យកទៅទទួលទានតាមគោលដៅទេសចរណ៍របស់ពួកគាត់ពិសេសក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូតតែម្តង ។

ក្រុមអាជីវករដែលក្រុមការងារបានជួបសម្ភាសន៍បាននិយាយដូចៗគ្នាថាឱ្យតែដល់រដូវប្រមូលផលផ្លែទុរេនគឺចន្លោះពីខែ៦ដល់ខែ៧គឺប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជិះរថយន្តហូរហែរ ពេលខ្លះស្ទើរស្ទះផ្លូវតម្រង់ទៅកំសាន្តតាមរមណីយដ្ឋាន និងទិញផ្លែទុរេននៅតាមចម្ការអ្នកស្រុកផ្ទាល់នៅឯស្រុកសំឡូតតែម្តង ។ អ្នកលក់ម្ហូបអាហារនិយាយថាអំឡុងពេលពីរខែនៃការប្រមូលផលទុរេនឆ្នាំនេះ ក៏ដូចឆ្នាំមុន ពួកគាត់លក់ម្ហូបអាហារដាច់ខ្លាំង ជាងខែនានា។

កំពុងតែដោតកង្កែបបោក អ្នកស្រី ម៉ៅ អាជីវករលក់ម្ហូបខ្មែរនៅផ្សារត្រែង ដែលបានប្រកបអាជីវកម្មនេះរយៈពេលជាង ៥ឆ្នាំ បានប្រាប់ថាក្នុងរដូវកាលប្រមូលផលផ្លែទុរេននេះ ភ្ញៀវចូលច្រើន លក់ម្ហូបដាច់ខ្លាំង ដូចជា មាន់អាំង ត្រីដុត កង្កែបបោក បុកកន្ទុយហេះ និងម្ហូបខ្មែរជាច្រើនមុខទៀត។អ្នកស្រីបាននិយាយថាថ្ងៃធម្មតាពីចន្ទ ដល់សុក្រ អាចលក់បានត្រឹម៧០ទៅ៨០ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកថ្ងៃសៅរ៍ទិត្យ ឬថ្ងៃឈប់សម្រាក អាចលក់បានចន្លោះពី១លានជាង ទៅពីរលានរៀលក្នុងមួយថ្ងៃ ។

ចំណែកឯអ្នកស្រី លីម   ជាអាជីវករនៅផ្សារត្រែបានលើកឡើងដែរថា ម្ហូបអាហារដែរលក់ដាច់នៅកន្លែងគាត់មាន់ កង្កែបបោក និងប្រហុក ត្រីដុតអំបិលជាដើម ដែលភ្ញៀវងាយស្រួលច្រកយកទៅទទួលទាន តាមរមណីយដ្ឋាន ឬទៅកំសាន្តតាមចម្ការផ្លែឈើហូបផ្លែនានាពិសេសចំការផ្លែទុរេននៅស្រុកសំឡូត ។ អ្នកស្រីឱ្យដឹងថាបើទោះបីភ្ញៀវចូលមកទិញច្រើនយ៉ាងណាក៏ដោយពួកគាត់មិនលក់តម្លើងថ្លៃនោះទេ គឺលក់ម្ហូបតម្លៃដដែល និងរក្សាអនាម័យបានល្អ។ អ្នកស្រីថាមាន់ស្រែអាំងតម្លៃចន្លោះពី 25,000 - 30,000 រៀលប៉ុណ្ណោះទៅតាមមាន់តូច-ធំ  ចំណែកត្រីអាំងរ៉ស់អាំងអំបុល តម្លៃ 15,000 - 18,000 រៀលក្នុងមួយក្បាលៗ ។

លោក ទិត សំឡូតដែលកំពុងអាំងមាន់ និងត្រី បណ្តើរផ្តល់បទសម្ភាសន៍បណ្តែរបាននិយាយថាឱ្យតែដល់រដូវប្រមូផលទូរេន គឺគាត់ឆ្លៀតមកលក់ម្ហូបនៅមុខផ្សារត្រែងនេះមិនដែលខានទេ ក្នុងមួយៗលក់ដាច់មាន់អាំងចម្លោះពី៣០ទៅ៤០ក្បាល និងត្រីដុត និងម្ហូបខ្មែរច្រើនមុខទៀត ដែលអាចលក់បានមួយថ្ងៃជាង១លានរៀលដែរ ។

អ្នកស្រី ហៀប និងបងប្អូនចាស់ក្មេងជាអ្នកស្រុកនៅទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននាំជិះគោយន្តកែច្នៃប្រហែល២០នាក់បានចុះទិញម្ហូបនៅមុខផ្សារត្រែងបាននិយាយថា ពួកគាត់ល្បីទុរេនសំឡូត ក៏នាំគ្នាជិះគោយន្តទៅមើល និងភ្លក់រសជាតិផ្ទាល់ដល់ចំការតែម្តង។ អ្នកស្រីនិយាយនៅពេលដល់មុខផ្សារត្រែងឃើញមានលក់ម្ហូបហូហែរតាមមាត់ផ្លូវ មាន់មាន់អាំង ត្រីអាំង ប្រហុកអាំងក្លិនឈ្ងុយ និងមើលទៅទំនងឆ្ងាញ់ណាស់ ។អ្នកស្រីបន្តថាពួកគាត់ចុះទិញម្ហូបអាហារនៅមុខផ្សារត្រែងនេះ ដើម្បីយកទៅទទួលទាននៅឯចំការទុរេន ស្រុកសំឡូតអង្គុយញាំជុំគ្នាក្រោមដើម ទុរេនផ្ទាល់ 

អាជីវករលក់ម្ហូបនៅមុខផ្សារត្រែងបានសំណូមពរឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតាមរមណីយដ្ឋាន ឬតាមចំការផ្លែឈើនានាដែលជិះកាត់ផ្សារត្រែង សូមបន្តគាំទ្រ ជួយទិញម្ហូបអាហារដែលពួកគាត់ដាក់លក់នៅមុខផ្សារនេះឱ្យបានច្រើនដើម្បីជួយចូលរួមគាំទ្រម្ហូបអាហារខ្មែរផង ជួយដល់សេដ្ឋកិច្ចពួកគាត់ផងដែរ ដោយពួកគាត់ធានា ទាំងរស់ជាតិ អនាម័យ និងតម្លៃថោកសមរម្យ ហើយមានលក់គ្រប់ពេលនិងគ្រប់រដូវ ៕

អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត
អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត
អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត
អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត