វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្រីស្នំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានចាត់ទុកថាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទីដទៃទៀតរបស់អាជ្ញាធរមូលដ្ឋាន ក្នុងន័យបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងតម្លាភាព។
លោក នាក់ ណេរ៉ុន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពដូចជាបន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន បន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងបន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងធនធានរបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់អភិបាលរងស្រុក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋ ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ធានាបាននូវសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេសពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រពលរដ្ឋ រួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋានឱ្យកាត់តែរីកចម្រើន។
សូមជម្រាបថា លោក សោម វិនា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្រីស្នំ ខេត្តសៀមរាប តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៕