វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សមចំនួន ៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
លោកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។
លោកស្រី ឈន សុគន្ធា បានឱ្យដឹងទៀតថា ក្រៅពីនំអន្សម ៥០០នំ យើងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជាសាច់ជ្រូក ទឹកសុទ្ធ៣០០យួរ កាហ្វេ៣កេះ បន្លែគ្រប់មុខ និងថវិកាមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់ ឧកញ៉ា លៀង ផន និងក្រុមគ្រួសារ ដែលនឹងយកទៅជូនបងប្អូនកងទ័ពយើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ៕