វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៧ ២០២៥
អន្តរជាតិ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលតាលីបង់ លោក ហៃបាធូឡា អាឃុនហ្សាដា (Haibatullah Akhundzada) និងប្រធានយុត្តិធម៌តាលីបង់ លោក អាប់ឌុល ហាគីម ហាកកានី (Abdul Hakim Haqqani)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អង្គបុរេជំនុំជម្រះនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ហៃបាធូឡា អាឃុនហ្សាដា ដែលជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ និងលោក អាប់ឌុល ហាគីម ហាកកានី ប្រធានយុត្តិធម៌តាលីបង់។ ICC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលទាំងពីរត្រូវទទួលខុសត្រូវចំពោះការធ្វើទុក្ខបុកម្នេញដោយផ្អែកលើហេតុផលយេនឌ័រ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅខែសីហា ឆ្នាំ២០២១។ ក្រុមតាលីបង់ ដែលបច្ចុប្បន្នកំពុងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ ICC និងបានប្រកាសដកខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម។ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ X របស់ខ្លួនដោយអំពាវនាវឱ្យ ICC បញ្ឈប់ការបកស្រាយរបស់ខ្លួនអំពីសិទ្ធិមនុស្សលើពិភពលោកទាំងមូល។ គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច ក្រុមតាលីបង់បានរឹតត្បិតសិទ្ធិស្ត្រីយ៉ាងខ្លាំង រួមមានការរឹតត្បិតលើការសិក្សា ការងារ និងឯករាជ្យភាពក្នុងជីវិតប្រចាំថ្ងៃ។ ការិយាល័យរដ្ឋអាជ្ញាបានបញ្ជាក់ថា ការបកស្រាយរបស់ពួកតាលីបង់អំពីច្បាប់សាសនា មិនអាចយកមកធ្វើជាហេតុផលសម្រាប់ការរំលោភសិទ្ធិមនុស្ស ឬឧក្រិដ្ឋកម្មនោះទេ៕