វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥
MC.ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបាន ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។
ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។
លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ ហើយជំនួសដោយឥដ្ឋថ្មី និងប្រើប្រាស់ឥដ្ឋចាស់ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើងវិញ។ បិទកំបោរបាយអនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។ ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។
សំឡេង៖ដោយសារផ្នែកខាងក្រោមនៃជើងជញ្ជាំងនេះមានភាពពុកផុយ ក៏មិនខុសពីតួខាងជើងដែរ តួខាងត្បូងនេះសសរផ្អោបមានការខូចខាតធ្ងន់ធ្ងរ ហើយផ្នែកខាងក្នុងនៃជញ្ជាំងច្រកចូលនេះមានរលុះឥដ្ឋមួយផ្នែកធំ ដែលធ្វើឱ្យប្រាសាទនេះប្រឈមមុខនៃរលុះធ្លាក់នៃជញ្ជាំង ហើយបើផ្នែកដំបូលវិញឃើញថាមានការខូចខាតធ្ងន់ធ្ងរណាស់ ដោយសារប្រាសាទនេះបានរលុះមកហើយ នៅផ្នែកខាងលើចុះមកក្រោមធ្វើឱ្យផ្នែកខាងក្រោមមើលទៅឃើញមេឃ។
លោក រស់ វិសុទ្ធ បញ្ជាក់ទៀតថាប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានគ្រោះថ្នាក់ខ្លាំងនៅផ្នែកជើងជញ្ជាំងខាងក្រោម បណ្តាលមកពីទឹកភ្លៀងជ្រាបចូលទៅក្នុងស្រទាប់ឥដ្ឋ បន្តិចម្តងៗ ធ្វើឱ្យជញ្ជាំងឥដ្ឋចុះខ្សោយ រួមជាមួយការបៀមសំណើមនៅផ្នែកខាងលើ ដោយកត្តាស្មៅ និងរុក្ខជាតិដុះចាក់ឬសផងបានធ្វើឱ្យឥដ្ឋកាន់តែពុកផុយ និងរលុះធ្លាក់។ កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រួចរាល់ដោយជោគជ័យនិងបានរឹងមាំឡើងវិញ ឱ្យរួចផុតពីហានិភ័យនានាមកហើយ៕